កណ្តាល៖ កម្លាំងសម្ថកិច្ចខេត្តកណ្តាលបាន បង្ក្រាបភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់មួយទីតាំង ឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣០នាទី នៅចំណុច៖ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ជនសង្ស័យទាំងពីនាក់ ទី១.ឈ្មោះ ផាត់ ណុច ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកឆ្នោត ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ ភាជ រដ្ឋា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកឆ្នោត ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងនោះបានដកហូតវត្ថុតាង ម៉ូតូម៉ាក Honda PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KL-2687 (ជារបស់ជនសង្ស័យ)។ ទូរស័ព្ទដៃចំនួន០២គ្រឿង ក្នុងនោះមាន ម៉ាក Samsung S22 ពណ៌ខ្មៅ ០១គ្រឿង និងម៉ាក Remi ពណ៌ប្រផេះ ០១គ្រឿង (ជារបស់ជនសង្ស័យ)។ នាមបណ្ណ (កាត់ប៊ុយសីប) ចំនួន៤៩សន្លឹក។

តាមដោយបានទទួលព័ត៌មានពីមហាជនល្អថា នៅចំណុចកើតហេតុខាងលើ ថាមានជនសង្ស័យ និងបក្ខពួកជិះម៉ូតូ០១គ្រឿងឌុបគ្នាចូលតាមផ្ទះប្រជាពលរដ្ឋ ហើយបាននិយាយលួងលោមឱ្យបើកលេងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាម ដោយជនសង្ស័យ និងបក្ខពួកបានអះអាងឱ្យប្រាក់ខែ និងកាត់ភាគរយចំណេញបានច្រើន ។
ក្រោយពីទទួលបានព័ត៌មានបានភ្លាម កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន បានចុះទៅដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ និងបក្ខពួកកំពុងនិយាយជាមួយប្រជាពលរដ្ឋហើយបានចែកនាមបណ្ណដែលមានលេខទូរសព្ទទំនាក់ទំនង ហើយកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន បានធ្វើការនាំខ្លួនជនសង្ស័យ និងដកហូតបានវត្ថុតាងមួយចំនួនដូចខាងលើ មកអធិការដ្ឋាននគបាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួនបានចូលតាមផ្ទះប្រជាពលរដ្ឋហើយជួលទីតាំងបើកទ្បូតូផង និងជួលឱ្យគេកត់កន្ទុយលេខ(ឆ្នោតវៀតណាម) ផង ហើយខ្លួនជាអ្នករៀបចំទទួលស៊ីសង ជាមួយមេឆ្នោតឈ្មោះ កុត មិនស្គាល់អត្តសញ្ញាណច្បាស់លាស់ នៅរាជធានីភ្នំពេញ ។ ហើយបន្តសារភាពថាបានខ្លួនបានចូលបម្រើការងារជាបុគ្គលិកផ្នែកទីផ្សារ បានរយៈពេល០២ខែមកហើយ ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កណ្តាល

