មេរោគ​ថ្មី​មួយ​ដែល​ឆ្លង​តាម​រយៈការ​ខាំ និងបណ្ដាលឱ្យខូចខួរក្បាល​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចិន កាលពីឆ្នាំ២០១៩ ប៉ុន្ដែទើបតែត្រូវបានបញ្ចេញរបាយការណ៍ឱ្យដឹងនៅក្នុងខែកញ្ញា នេះប៉ុណ្ណោះ បន្ទាប់ពីបានសិក្សា និងពិនិត្យយ៉ាងល្អិតល្អន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Financial express នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា មេរោគនេះត្រូវបានគេដាក់ឈ្មោះថា Wetland virus (WELV) ត្រូវបានគេរកឃើញដំបូងនៅក្នុងមន្ទីរពេទ្យនៅទីក្រុង Jinzhou ក្នុងខែមិថុនា កាលពីឆ្នាំ២០១៩ លើបុរសជនជាតិចិន អាយុ ៦១ឆ្នាំម្នាក់ បន្ទាប់ពីបានធ្វើដំណើរមកពីប្រទេសម៉ុងហ្គោលី។ មេរោគនេះអាចបណ្តាលឱ្យមានជំងឺសរសៃប្រសាទ។

បើតាមរបាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន Live Science បង្ហាញថា បុរសវ័យ ៦១ឆ្នាំរូបនេះ មានអាការៈ គ្រុនក្តៅ រាគ ឈឺក្បាល និងក្អួតចង្អោរ ប្រហែល ៥ថ្ងៃបន្ទាប់ពីបានទៅលេងឧទ្យានមួយកន្លែងនៅ Inner Mongolia ដែលជាតំបន់ស្វយ័តនៃភាគខាងជើងរបស់ប្រទេសចិន។

មនុស្សអាចឆ្លងមេរោគ Wetland virus (WELV) ពីសត្វ តាមរយៈការប៉ះពាល់នឹងឈាម ឬ ជាលិកាសត្វដែលមានមេរោគ ហើយវាក៏អាចឆ្លងទៅមនុស្សតាមរយៈអង្គធាតុរាវក្នុងខ្លួនផងដែរ។

បន្ទាប់ពីរកឃើញករណីនេះ ក្រុមអ្នកស្រា​វជ្រាវបានសិក្សាលើសត្វចៃប្រមាណ ១៤,៦០០ក្បាលនៅទូទាំងភាគខាងជើងប្រទេសចិន ហើយរកឃើញថា ប្រហែល ២ភាគរយនៃសត្វចៃទាំងនោះ ធ្វើតេស្ដវិជ្ជមានមេរោគ Wetland virus (WELV) ហើយមានសត្វចៃ ៥ប្រភេទផ្សេងគ្នាដែលអាចផ្ទុកមេរោគនេះបាន។

លើសពីនេះទៅទៀត មេរោគនេះក៏ត្រូវបានគេរកឃើញនៅក្នុងភាគរយតូចមួយ នៃចៀម សេះ និងជ្រូកដែលអ្នកស្រាវជ្រាវបានមើលឃើញ ក៏ដូចជានៅក្នុងប្រភេទសត្វ កកេរ មួយចំនួនតូច(កណ្ដុរ, កំប្រុក..) ដែលហៅថា Transbaikal zokor (Myospalax psilurus)។

ទោះបីជាអ្នកជំងឺបានជាសះស្បើយក៏ដោយ ការពិសោធន៍នៅមន្ទីរពិសោធន៍លើសត្វកណ្តុរបានបង្ហាញថា វីរុស WELV អាចបង្កឱ្យមានការឆ្លងមេរោគដ៍សាហាវ និងអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងអាចមានលទ្ធភាពបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ជាពិសេសទាក់ទងនឹងខួរក្បាល។

យ៉ាងណាម៉ិញ ក្រុមអ្នកស្រាវជ្រាវមិនទាន់មានការប្រកាសអាសន្ន ណែនាំអំពីការប្រុងប្រយ័ត្នអ្វីនៅឡើយទេ ខណៈក្រុមអ្នកវិទ្យាសាស្រ្តកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕

ប្រភព៖ Financial express

Share.