ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា

ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​គូស​បញ្ជាក់​ថា ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​សិស្សានុសិស្ស​ក្នុង​គ្រួសារ​មាន​ប័ណ្ណ​សមធម៌ (ប័ណ្ណ​ក្រីក្រ) គឺ​ដើម្បី​បន្ត​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ឱ្យ​កុមារ​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ទាន់​ពេល​វេលា​នៅ​ដើម​ឆ្នាំ​២០២៥ ខាង​មុខ​នេះ និង​បន្ត​ការ​សិក្សា​រហូត​ដល់​ចប់​មធ្យមសិក្សា​ចំណេះ​ទូទៅ​របស់​ពួក​គេ​។ ការ​ឧបត្ថម្ភ​នេះ​មាន​វិសាលភាព​គ្របដណ្ដប់​លើ​សិស្សានុសិស្ស ដែល​ជា​សមាជិក​គ្រួសារ​មាន​ប័ណ្ណ​សមធម៌ និង​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ ចាប់​ពី​ថ្នាក់​បឋមសិក្សា​រហូត​ដល់​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​។

ឯកឧត្ដម​រដ្ឋមន្ត្រី​លើក​ឡើង​បែប​នេះ នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​សិស្សានុសិស្ស​ក្នុង​គ្រួសារ​មាន​ប័ណ្ណ​សមធម៌ នៃ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​នៅ​ទីស្ដីការ​ក្រសួង នា​ព្រឹក​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ​។

ជុំវិញ​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ ឯកឧត្ដម​ តូច ចាន់នី អគ្គនាយក​បច្ចេកទេស និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​បញ្ជាក់​បន្ថែម​ប្រាប់​សារព័ត៌មាន​ត្រយង​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​សិស្សានុសិស្ស​ក្នុង​គ្រួសារ​មាន​ប័ណ្ណ​សមធម៌ ដែល​បាន​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​អនុវត្ត​កាល​ពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នា២០២៤ និង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ចុង​ឆ្នាំ ២០២៤ ឬ​ដើម​ឆ្នាំ ២០២៥ ខាង​មុខ​។

ឯកឧត្ដម​ តូច ចាន់នី អគ្គនាយក​បច្ចេកទេស និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា

ឯកឧត្ដម​បន្ត​ថា ប្អូនៗ​សិស្សានុសិស្ស​មក​ពី​គ្រួសារ​មាន​ប័ណ្ណ​សមធម៌ ឬ​ហៅ​ថា​ប័ណ្ណ​ក្រីក្រ ចាប់​ពី​ថ្នាក់​បឋមសិក្សា រហូត​ដល់​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ អាច​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​ជន​បង្គោល ដែល​ជា​ភ្នាក់ងារ​មូលនិធិ​ជាតិ​ជំនួយ​សង្គម (មជជ) របស់​ក្រសួង​សង្គមកិច្ច នៅ​តាម​សាលា​ដែល​ខ្លួន​កំពុង​រៀន ដើម្បី​បាន​អត្ថប្រយោជន៍ គឺ​ប្រាក់​ឧបត្ថម្ភ​ពី​កម្មវិធី​ជាតិ​មួយ​នេះ​។

សម្រាប់​ថ្នាក់​បឋមសិក្សា (​ថ្នាក់​ទី​១-៦​) និង​មធ្យម​សិក្សា​បឋមភូមិ (​ថ្នាក់​ទី ៧​-​៩​) ទទួល​បាន ២០ ០០០ រៀល​ក្នុង​មួយ​ខែ ចំណែក​ឯ ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ (​ថ្នាក់​ទី ១០​-​១២​) ទទួល​បាន ៣០ ០០០ រៀល ក្នុង​មួយ​ខែ​។ ហើយ​ការ​ផ្ដល់​ជូន​ប្រាក់​ឧបត្ថម្ភ​នេះ គឺ​ធ្វើ​ឡើង​រហូត​សិស្ស​រៀន​ចប់​ថ្នាក់​មធ្យម​សិក្សា​ចំណេះដឹង​ទូទៅ​តែ​ម្ដង ពោល​គឺ​រៀន​ចប់​ថ្នាក់​ទី ១២ ។

អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច​ក៏​មិន​ភ្លេច​ក្រើន​រំឭក​អំពី​លក្ខខណ្ឌ ដែល​សិស្សានុសិស្ស​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ត្រូវ​ទៅ​រៀន​ឲ្យ​បាន​ទៀងទាត់ និង​គោរព​តាម​គោលការណ៍​អប់រំ​របស់​សាលា​។

បើ​តាម​ការ​ពន្យល់​របស់​ឯកត្តកម្ម តូច ចាន់នី គោលដៅ​ចម្បង​នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​សិស្សានុសិស្ស​ក្នុង​គ្រួសារ​ក្រីក្រ ទី​១ គឺ​ចង់​ជំរុញ​ឲ្យ​ឪពុកម្ដាយ អាណាព្យាបាល​នាំ​កូន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ទាន់​អាយុ​ចូល​រៀន​របស់​ក្មេង​ៗ, ទី​២ គឺ​ចង់​ឲ្យ​សិស្សានុសិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​រហូត​ចប់​មធ្យមសិក្សា​ចំណេះ​ដឹង​ទូទៅ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.