ភ្នំពេញ ៖ បុរសម្នាក់រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ទាំងព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីមានជនសង្ស័យមួយក្រុមធ្វើសកម្មភាពលួចអូសយកម៉ូតូកង់បីមួយគ្រឿងទៅបាត់ដោយសុវត្តិភាព ទោះជាខំដោះក្បាលប៊ុយហ្សីចេញហើយក្តី នៅតែលោកចោរ គាត់យកបានសម្រេចទៀត ខណៈដែលចតទុកមុខបន្ទប់ជួល ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រ៉ន ឃីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ មានស្រុកកំណើតនៅភូមិអូរតាសេក ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ។ ម៉ូតូកង់បីដែលជនសង្ស័យលួចយកទៅបាត់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-1593 ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ គ្រាដែលវិលត្រឡប់មកពីដឹកម៉ូយវិញ បើកម៉ូតូកង់បីទៅចតឈប់នៅមុខបន្ទប់ជួល សាក់សោ ដោះក្បាលប៊ុយហ្សីចេញ ដូចសព្វដង គិតថាមានសុវត្តិភាព ហើយចូលដេកសម្រាកបាត់ លុះដល់វេលាម៉ោង៦ព្រឹក ភ្ញាក់ក្រោកឡើងយកម៉ូតូកង់បីចេញក្រៅ ដើម្បីឱ្យផ្លូវអ្នកជួលផ្ទះចេញចូល ស្រាប់តែបាត់កង់បី ទើបឆោឡោ។

បើតាមអ្នកលក់ដូរ ក្បែរនោះបានឱ្យដឹងថា គាត់ក៏មិនបានចាប់អារម្មណ៍ដែរ តែនៅវេលាម៉ោង៣ទៀបភ្លឺនេះ មានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងចូលទៅចំណុចកើតហេតុ ហើយឃើញអូសម៉ូតូកង់បីចេញមកក្រៅ ឡើងផ្លូវជាតិ រួចនាំគ្នារុញធាក់ពីក្រោយ ទៅខាងត្បូងបាត់ គិតស្មានតែម្ចាស់ហៅគេមកជួយអូសយកទៅជួសជុល ទាល់តែម្ចាស់ឆោឡោទើបសន្និដ្ឋានថា មនុស្សទាំង៤នាក់នោះជាក្រុមចោរលួច។

ក្រោយពីដឹងថាម៉ូតូកង់បីត្រូវបានក្រុមជនសង្ស័យលួចបាត់ហើយ ជនរថគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.