ភ្នំពេញ៖ បន្ទាប់ពីមានការចែកចាយគ្នាពាសពេញបណ្ដាញសង្គមជុំវិញសំណេររបស់អតីតពិធីករកីឡាប្រដាល់លោក មុំ សាម៉េត ហៅ DJ HERO ដែលខ្លឹមសារទាំងនោះត្រូវបានមហាជនហាក់សង្កេតឃើញថា មានការប្រមាថទៅនគរបាលខណ្ឌសែនសុខ ពេលនេះត្រូវក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស  បញ្ជាក់ថាផ្ដើមចេញពីការបើកបរល្មើសជាតិស្រវឹង ពោលគឺរហូតទៅដល់ ០,៧៩ mg/L ។ នេះបើតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី នៅចំណុចខាងមុខកន្លែងឈៀករថយន្ត បឹងបៃតង លើផ្លូវសម្តេច ជា ស៊ីម ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ មានរថយន្ត០១គ្រឿង ម៉ាក FORD Raptor ពាក់ស្លាកលេខ ភ្នំពេញ 2BW-5679 បើកបរដោយឈ្មោះ មុំ សាម៉េត ហៅ DJ HERO ភេទប្រុស អាយុ៤៣ឆ្នាំ បើកបរទិសដៅពីកើតទៅលិច ឆ្លងកាត់គោលដៅអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ហើយសមត្ថកិច្ចនៅគោលដៅនោះចាប់ត្រួតពិនិត្យ។ ជាលទ្ធផល អ្នកបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L ទើបសមត្ថកិច្ចផាកពិន័យតាមច្បាប់។

បន្ថែមលើនេះទៅទៀត ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង គឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត រួមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ៕

អត្ថបទ៖ ចតុម្មុខ

Share.