ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​១៨​ក្រុម​ក្នុង​ទ្វីប​អាស៊ី កំពុង​បន្ត​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក ឆ្នាំ​២០២៦ ជុំទី៣​ប្រចាំ​ទ្វីប 2026 FIFA World Cup qualification – AFC third round ស្រប​ពេល​ដែល​ការ​ប្រកួត​ក្នុង​ពូល​ទាំង​៣ ធ្វើ​ដំណើរ​បាន​​២លើក ក្នុង​ចំណោម​១០​ប្រកួត​ដែល​ត្រូវ​ប្រកួត ដោយ​ក្នុង​នោះ​ឃើញ​ថា​ក្រុម​ជម្រើស​ជាតិ​ អ៊ូបេគីស្ថាន អ៊ីរ៉ង់ ហ្សកដានី កូរ៉េខាងត្បូង ជប៉ុន និង​អារ៉ាប៊ីសាអ៊ូឌីត ឈរ​កំពូល​តារាង​រៀងៗខ្លួន។

វគ្គ​ជម្រុះ​ពានរង្វាន់ 2026 FIFA World Cup មាន​ប្រទេស​ចូលរួម​ចំនួន​២០៧ ដោយ​បែងចែក​ជា​៦​ទ្វីប​ផ្សេង​គ្នា។ សម្រាប់​ទ្វីប​អាស៊ី មាន​កូតា​ចំនួន​៨ក្រុម ឡើង​ទៅ​​ប្រកួត​ជុំ​ចុងក្រោយ​ដែល​​អាមេរិក ម៉ិចស៊ីកូ និង​កាណាដា រួម​​ធ្វើ​ជា​​សហ​ម្ចាស់​ផ្ទះ ខណៈ​មាន​១ក្រុម​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​មក​ពី​ទ្វីប​ផ្សេង យក​កៅអី​ឡើង​ទៅ​ដែរ។ នៅ​អាស៊ី មាន​ក្រុម​ចំនួន​៤៦ ត្រូវ​ប្រកួត​ប្រជែង​គ្នា ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បែងចែក​ជា​​៥​វគ្គ។

គិត​ត្រឹម​ពេល​នេះ​ការ​ប្រកួត​ជម្រុះ​នៅ​ទ្វីប​អាស៊ី ឈា​ន​ដល់​ជុំទី៣ហើយ សល់​ក្រុម​ចំនួន​១៨ក្រុម។ ការប្រកួត​នៅជុំទី៣នេះ​​ ១ពូល​មាន​៦ក្រុម ហើយ​ក្រុម​ក្នុង​ពូល​ត្រូវ​ប្រកួត​វិលជុំ២ជើង រហូត​ដល់​ទៅ​១០លើក។ ពេល​ចប់​វគ្គ​ជម្រុះ​ក្នុង​ពូល​នេះ ក្រុម​ចំណាត់ថ្នាក់​លេខ១និង​លេខ២​តាម​ពូល​​ទាំង៣ នឹង​កក់សំបុត្រ​យន្តហោះ​ទៅ 2026 FIFA World Cup តែ​ម្តង ខណៈ​ក្រុម​លេខ​៣និង​លេខ៤​តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​ជុំទី៤ ហើយ​ក្រុម​លេខ​៥និង​លេខ៥ ត្រូវ​ហាល​អាវ។

ការ​ប្រកួត​ពានរង្វាន់​ជើង​ឯក​ពិភពលោក FIFA World Cup ធ្វើ​ឡើង​រាល់​៤ឆ្នាំ​ម្តង តែ​កន្លង​ទៅ​កំណត់​យក​ក្រុម​ខ្លាំង​មក​ពី​តាម​បណ្តា​ទ្វីប​ចំនួន​៣២​ក្រុម​ប៉ុណ្ណោះ ដើម្បី​ឡើង​ដល់​វគ្គ​ជុំ​ចុងក្រោយ ប៉ុន្តែ​លើក​នេះ​មាន​ការ​កំណត់​យក​ក្រុម​ដល់​ទី​៤៨​ក្រុម ដើម្បី​ចូលរួម​ប្រកួត៕

Share.