តៃប៉ិ៖ ក្រសួងការពារជាតិ និងទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កោះតៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំង Mirage របស់កងទ័ពអាកាសតៃវ៉ាន់ បានធ្លាក់ចូលសមុទ្រនៅតំបន់ឆ្នេរសមុទ្រភាគពាយ័ព្យរបស់កោះនេះកាលពីយប់ថ្ងៃអង្គារ ចំណែកអ្នកបើកយន្តហោះបានលោតឆ័ត្រយោងចេញពីកៅអីដោយសុវត្ថិភាព ហើយត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤។​​​

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំង Mirage ផលិតដោយបារាំង កំពុងធ្វើសមយុទ្ធនៅពេលយប់ ដោយមានការសង្ស័យថា មានបញ្ហាម៉ាស៊ីន ហើយអ្នកបើកយន្ដហោះខាងលើក៏លោតឆ័ត្រយោងចេញពីយន្ដហោះតែម្ដង។

ក្រសួងបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញអ្នកបើកយន្តហោះខាងលើមានស្មារតីល្អ និងត្រូវបានបញ្ជូនដោយនាវាឆ្មាំឆ្នេរសមុទ្រទៅកាន់កំពង់ផែមួយកន្លែងហើយបន្ដបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

គួររំលឹកថា កងទ័ពអាកាសតៃវ៉ាន់ បានបាត់បង់យន្ដហោះចម្បាំងជាបន្តបន្ទាប់ដោយសារគ្រោះថ្នាក់ធ្លាក់ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះរួមមានទាំងការសម្រេចចិត្តបញ្ឈរជើងកងទ័ពយន្ដហោះចម្បាំង Mirage កាលពីឆ្នាំ២០២២ ក្រោយយន្ដហោះចម្បាំងផលិតដោយបារាំងមួយនេះ មួយគ្រឿងបានធ្លាក់។

កន្លងមក តៃវ៉ាន់ទទួលបានយន្ដហោះចម្បាំង ក្នុងកញ្ចប់ដំបូងនៃយន្ដហោះចម្បាំង Mirage 2000 ចំនួន ៦០គ្រឿង ក្នុងឆ្នាំ១៩៩៧ ហើយក្នុងនោះយ៉ាងហោចមាន ៧គ្រឿងបានធ្លាក់ចាប់តាំងពីពេលនោះមក៕

ប្រភព៖ Reuters

Share.