បាត់ដំបង៖ នគរបាលជំនាញស្រាវជ្រាវឃាត់ខ្លួនមនុស្សបីនាក់ក្រោយដេញវាយគ្នាបណ្តាលឲ្យជនរងគ្រោះម្នាក់រត់គេច ហើយលោតចូលក្នុងស្រះលង់ទឹកស្លាប់។
ករណីខាងលើកម្លាំងអធិការស្រុកសង្កែ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធចំនួន ៣នាក់ក្រោយធ្វើសកម្មភាពដេញវាយក្រុមយុវជនមួយក្រុមទៀតកាលពីថ្ងៃទី ០៩ ខែកញ្ញា ត្រង់ចំណុចក្រុមទី ០៦ ក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្ក ខេត្តបាត់ដំបង ធ្វើឲ្យជនរងគ្រោះម្នាក់បានរត់គេចរហូតលោតចូលក្នុងស្រះទឹកជ្រៅលង់ស្លាប់តែម្តង។

ក្រុមជនបង្កដែលឃាត់ខ្លួនបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដេញវាយក្រុមយុវជនគូទំនាស់ពិតប្រាកដមែន ថែមទាំងបានយកដំបងដែក ទៅវាយបំផ្លាញញម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតថែមទៀតដោយសាររឿងគំនុំកន្លងមក។

ចំពោះមុខក្រុមយុវជនបង្កត្រូវបានកម្លាំងផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធី។ ជនសង្ស័យទាំងបីនាក់ឈ្មោះខុន សុខេន ភេទប្រុស មានទីលំនៅភូមិរូងជ្រៃ ឃុំខ្នារមាស ស្រុកបវេល, ឈ្មោះហឿត ឡៃហៀង ភេទប្រុស និងឈ្មោះស្រស់ សុវណ្ណា ភេទប្រុស ទាំងពីរនាក់មានទីលំនៅភូមិជំនីកឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកឯជនរងគ្រោះមានឈ្មោះឃឿត សាហ្វុង ភេទប្រុស រស់នៅភូមិជំនីក ឃុំអន្លង់វិលជាមួយគ្នានឹងជនបង្កដែរ៕
អត្ថបទ: ដំបងក្រញូង

