ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានបញ្ជូនខ្លួនជនសង្ស័យ០៤នាក់ទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីហិង្សាដោយប្រើមួកសុវត្ថិភាព និងដុំឥដ្ឋវ៉ៃគប់ទៅលេីជនរងគ្រោះ០២នាក់ឲ្យរងរបួស។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បងប្អូន ទី១/ឈ្មោះ នឿន ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ទី២/ឈ្មោះ នឿន ដាវីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងធ្វើធ្មេញសិប្បនិម្មិត (អ្នកទាំងពីរជាបងប្អូនបង្កេីត(ភ្លោះនិងគ្នា) មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យចំនួន០៤នាក់ ដែលឃាត់ខ្លួនបាន ទី១/ឈ្មោះ រ៉ា ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២/ឈ្មោះ រ៉ុម វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣/ឈ្មោះ ឌី ប៊ុនណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៤/ឈ្មោះ ធី គីមហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១JP-1732លេខតួ និងលេខម៉ាស៊ីន8109163 ចំនួន០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះចំនួន០២នាក់ ជាបងប្អូនបង្កើតភ្លោះនឹងគ្នាបានជិះម៉ូតូ០១គ្រឿងម៉ាក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១KR-០៤០៨ ចេញពីផ្ទះស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងគោលបំណងទៅកាត់សក់នៅម្ដុំស្តុបថ្នល់បត់ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ពេលជនរងគ្រោះជិះម៉ូតូឌុបគ្នាមកដល់ចំណុចផ្លូវបេតុងចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា១០នាក់ ជិះម៉ូតូ០៤គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយក្រុមជនសង្ស័យក៏បានយកដុំឥដ្ឋ គប់មកលើជនរងគ្រោះ និងយកមួកសុវត្ថិភាព វាយទៅលើម៉ូតូបណ្ដាលឱ្យជនរងគ្រោះទាំងពីរនាក់រងរបួស។

ចំណែកម៉ូតូខូចផ្នែកខាងមុខ និងចំហៀងទាំងសងខាង រួចក្រុមជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះក៏បានទូរសព្ទប្រាប់ាទៅម្ដាយនាំជនរងគ្រោះទាំង២នាក់ទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកដង្កោ រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។
លុះដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពចំនួន០២នាក់ ត្រង់ចំណុចផ្លូវបេតុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រាប់តែវេលាម៉ោង១៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត ត្រង់ចំណុចរោងកម្មករស្នាក់នៅ ផ្លូវលំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកខ្លួននិងបក្ខពួកចំនួន០៦នាក់ទៀតបានឌុបគ្នាមកធ្វើសកម្មភាព ធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យដួល រួចយកមួកសុវត្ថិភាព, ដុំឥដ្ឋ វ៉ៃ និងគប់ទៅលើជនរងគ្រោះទាំងពីរនាក់បណ្តាលឱ្យរងរបួសប្រាកដមែន ៕
អត្ថបទ៖ សេង សាវី

