ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសំដែងការកោតសរសើរនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំយ៉ាងស្វិតស្វាញប្រកួតតំណាងជាតិ វគ្គជម្រុះ AFC Asian Cup Saudi Arabia 2027 ទោះបីមិនអាចឡើងទៅវគ្គបន្តក៏ដោយ។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖«ខ្ញុំបានទស្សនាការប្រកួតបាល់ទាត់វគ្គជម្រុះ Asian Cup Qualifier ជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិស្រីលង្កា ដែលបានប្រព្រឹត្តទៅនៅទឹកដីកម្ពុជា។ ជាលទ្ធផល ជម្រើសជាតិបានទប់ទល់រហូតដល់ស្មើនៅពេញម៉ោង តែមិនអាចយកឈ្នះក្រុមស្រីលង្កា បាននៅការសម្រេចដោយគ្រាប់បាល់ប៉េណាល់ទី។ ក្នុងនាមជាអ្នកគាំទ្រ ខ្ញុំសូមកោតសរសើរដល់កីឡាករជម្រើសជាតិទាំងអស់គ្នាដែលបានខិតខំយ៉ាងស្វិតស្វាញ ដើម្បីប្រកួតតំណាងឱ្យជាតិ»។

ឯកឧត្តមបន្តទៀតថា៖«វិស័យបាល់ទាត់របស់យើងមានការបោះជំហានទៅមុខគួរជាទីមោទនៈ បើទោះជាយើងមិនទាន់ឈរលំដាប់កំពូលក្នុងតំបន់ក្តី តែយើងគួរមានមោទនភាពចំពោះអ្វីដែលក្រុមជម្រើសជាតិបានវិវឌ្ឍខ្លួនក្នុងរយៈពេលចុងក្រោយថ្មីៗនេះ។ យើងជឿជាក់ ហើយបន្តគាំទ្រក្រុមជម្រើសជាតិកម្ពុជា យើងគាំទ្រកីឡាកម្ពុជា»។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីពានរង្វាន់ជើងឯកកម្រិតទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០២៧ ក្រោយចាញ់ក្រុមជម្រើសជាតិស្រីលង្កា ទាំង២ជើងដោយបាល់ប៉េណាំងទីកាត់សេចក្តី ៤-២ ក្រោយប្រកួតស្មើគ្នា ២ទល់២ ក្នុងជើងទី២ ខណៈជើងទី១ក្រុមទាំង២ ស្មើគ្នា ០ទល់០។

ពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០២៧ កំណត់យកក្រុមខ្លាំងៗចំនួន២៤ ទៅប្រកួតយកជើងឯក ខណៈក្រុមចំនួន១៨ ទទួលបានកៅអីដោយស្វ័យប្រវត្តិ ស្របពេលដែលក្រុមចំនួន២៧ ត្រូវប្រកួតគ្នាចំនួន២វគ្គ មានវគ្គជម្រុះបឋម ចំនួន៣គូ និងវគ្គជម្រុះជុំទី៣ សល់ក្រុមចំនួន២៤ក្រុម ចែកជា៦ពូល។ ក្រុមលេខ១តាមពូលនីមួយៗ មានឈ្មោះឡើងទៅបំពេញបង្គ្រប់ជាមួយក្រុម១៨ដែលកំពុងរង់ចាំ។
ដូច្នេះក្រុមចំនួន២៤ ត្រូវប្រកួតវគ្គចែកពូលទាំង៦ពូលនោះមាន ប៊ូតាន់, ឡាវ, ម៉ាល់ឌីវ, អាហ្វហ្គានីស្ថាន, លីប៉ង់, ហ្វីលីពីន, ទួរមេនីស្ថាន, បង់ក្លាដេស, ម៉ាឡេស៊ី, សិង្ហបុរី, វៀតណាម, តៃវ៉ាន់, មីយ៉ាន់ម៉ា, ស៊ីរី, យេមែន, ហុងកុង, នេប៉ាល់, តាហ្ស៊ីគីស្ថាន, ឥណ្ឌា, ប៉ាគីស្ថាន, ថៃ, ប្រ៊ុយណេ, ទីម័រខាងកើត និងស្រីលង្កា។ ក្រុមទាំងអស់នេះនឹងចាប់ឆ្នោតជ្រើសរើសពូលនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។
ដោយឡែកក្រុមខ្លាំងចំនួន១៨ ដែលរង់ចាំនៅជុំចុងក្រោយដែលមានកូតាសរុប២៤ក្រុម មានអារ៉ាប៊ីសាអ៊ូឌីត (ម្ចាស់ផ្ទះ) អូស្ត្រាលី, អ៊ីរ៉ាក់, អ៊ីរ៉ង់, អ៊ូបេគីស្ថាន, កាតារ, អារ៉ាប់រួម, ជប៉ុន, អូម៉ង់, ប៉ាឡេស្ទីន, បារ៉ែន, ហ្សកដានី, ចិន, ឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង, កូរ៉េខាងជើង, គុយវ៉ែត, គីជីស្ថាន៕


