ម៉ានីល៖ មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ សប្ដាហ៍នេះ បន្ទាប់ពីភ្នំភ្លើងមួយបានបញ្ចេញឧស្ម័នដែលបង្កគ្រោះថ្នាក់ ខណៈអ្នកជំនាញបានព្រមានអំពីការផ្ទុះដែលអាចកើតមាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤។


រដ្ឋាភិបាលក្នុងតំបន់នៃទីក្រុង Canlaon ក្បែរភ្នំភ្លើងនោះបាននិយាយថា អ្នកស្រុកប្រហែល ៣០០នាក់ តាមភូមិនានា ដែលមានចម្ងាយ ៤គីឡូម៉ែត្រពីភ្នំភ្លើង Kanlaon ត្រូវបានជម្លៀសចេញតាំងពីថ្ងៃអង្គារ មកម្ល៉េស ដើម្បីជាការប្រុងប្រយ័ត្ន។

សាលារៀនត្រូវបានផ្អាក ហើយកន្លែងទេសចរណ៍មួយចំនួននៅក្នុងទីក្រុងដែលមានប្រជាជន និងភ្ញៀវទេសចរណ៍មកលេងកំសាន្ដប្រហែល ៦០,០០០នាក់ត្រូវបានបិទជាបណ្ដោះអាសន្នកាលពីថ្ងៃពុធ នេះ ដោយសារតែការព្រមានអំពីភ្នំភ្លើង។

ការបំភាយឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត ជាមធ្យមប្រចាំថ្ងៃរបស់ភ្នំភ្លើង Kanlaon ស្ទើរតែកើនឡើង៣ដង ដែលមានការបំភាយឧស្ម័នដល់ទៅ ៩,៩៨៥តោន កាលពីថ្ងៃអង្គារ។

គួររំលឹកថា ភ្នំភ្លើង Kanlaon គឺជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្ម ចំនួន ២៤ភ្នំ របស់ប្រទេសហ្វីលីពីន ដែលមានកម្ពស់ជាង ២.៤គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនៅលើកោះ Negros។ ភ្នំភ្លើងនេះបានផ្ទុះ ១៥ដងក្នុងរយៈពេល ៩ឆ្នាំកន្លងមកនេះ។
សូមជម្រាបថា កាលពីខែសីហា ឆ្នាំ១៩៩៦ អ្នកឡើងភ្នំ ៣នាក់ត្រូវបានសម្លាប់ដោយសារតែការបញ្ចេញផេះពីភ្នំភ្លើងខាងលើ។ ប្រទេសហ្វីលីពីន ស្ថិតនៅនៅលើចំណុច «Ring of Fire» ដែលមានសកម្មភាពរញ្ជួយដី និងមានការផ្ទុះភ្នំភ្លើងញឹកញាប់៕

