ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំកាមន លោក ម៉ៅ បូណែត អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន បានដឹកកម្លាំងចំម្រុះចុះត្រួតពិនិត្យទីតាំងផ្ទះលេខ៦៥ ស្ថិតនៅផ្លូវលេខ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថាមានបើកល្បែងសុីសងនៅក្នុងមូលដ្ឋាន។

កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា ទីតាំងជាប្រភេទផ្ទះ ០២ល្វែងជាប់គ្នា នៅខាងមុខមានលក់កាហ្វេ និងបាយពេលព្រឹក មានកម្ពស់ចំនួន ០២ជាន់ ដែលជាន់ផ្ទាល់ដី មានចំនួន ០២បន្ទប់ (ជាបន្ទប់ទំនេរ) និងជាន់ទី១ មានចំនួន ០២បន្ទប់ (បន្ទប់មួយសម្រាប់ស្នាក់នៅ និងបន្ទប់មួយទៀតជាបន្ទប់ទំនេរ)។ ដែលទីតាំងខាងលើនេះខាងកើតជាប់ជាមួយនឹងលំនៅដ្ឋាន, ខាងជើងជាប់ជាមួយនឹងខុនដូរ អិល សុវណ្ណ, ខាងលិចជាប់ជាមួយនឹងភោជនីយដ្ឋានចំប៉ី ស និងខាងត្បូងជាប់ជាមួយនឹងផ្លូវលេខ៤៧៤។ ហើយអាជ្ញាធរក៏បានទំនាក់ទំនងទៅភរិយាម្ចាស់ផ្ទះ ដោយឱ្យប្រធានភូមិ៨ ទំនាក់ទំនងតាមទូរស័ព្ទ គាត់ (ភរិយា) បានបញ្ជាក់ថាកំពុងតែធ្វើបុណ្យបូជាសពស្វាមីឈ្មោះ ស៊ុន វណ្ណធឿន។

បន្ទាប់មកអាជ្ញាធរបានពិនិត្យតាមជាន់ និងគ្រប់បន្ទប់នីមួយៗពុំរកឃើញសម្ភារៈ ឬសកម្មភាពពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់ ដូចដែលអង្គភាពសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។ តាមការអះអាងរបស់ឈ្មោះ យិន ចន្ធី តំណាងអ្នកជួលបានប្រាប់អាជ្ញាធរថា ទីតាំងខាងលើនេះក៏ធ្លាប់លួចបើកល្បែងស៊ីសងខុសច្បាប់ផងដែរ កាលពីកំឡុងឆ្នាំ២០២២ ហើយត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ចុះបង្ក្រាបរួចមកហើយ។

ទន្ទឹមនោះដែរអាជ្ញាធរក៏បានណែនាំឱ្យឈ្មោះ យិន ចន្ធី ដែលជាតំណាងអ្នកជួលរបស់ឈ្មោះ តុន ប៉ុណ្ណាវុធ ដូចខាងក្រោម៖
– មិនអនុញ្ញាតឱ្យប្រកបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងទីតាំងដាច់ដាច់ខាត
– មិនអនុញ្ញាតឱ្យជួញដូរ ប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងដាច់ដាច់ខាត
– មិនអនុញ្ញាតឱ្យជួញដូរផ្លូវភេទនៅក្នុងទីតាំងដាច់ដាច់ខាត។ ហើយលោកស្រី យិន ចន្ធី តំណាងអ្នកជួល បានឯកភាពតាមការណែនាំរបស់អាជ្ញាធរ បើសិនករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងចុះអនុវត្តតាមវិធានរដ្ឋបាលច្បាប់៕

អត្ថបទ៖ សេង សាវី

