ប្រជាជននៅក្នុងខេត្តចំនួន៤៨ រួមទាំងទីក្រុងបាងកក ត្រូវបានគេព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងអាចនឹងមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ ចាប់ពីថ្ងៃសុក្រ សប្ដាហ៍នេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok post នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ការិយាល័យធនធានទឹកជាតិ (ONWR) បាននិយាយនៅលើបណ្ដាញផ្សព្វផ្សាយសង្គមថា រដូវភ្លៀងមូសុងនៅភាគខាងជើង ធ្វើដំណើរពាសពេញប្រទេសថៃ នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា។ ទន្ទឹមនឹងនោះ ភ្លៀងមូសុងនិរតី ក្នុងកម្រិតខ្លាំងនឹងធ្លាក់បន្ថែមទៀតនៅតំបន់មួយចំនួន។

ការិយាល័យធនធានទឹកជាតិ (ONWR) បានព្រមានអ្នកស្រុកនៃសហគមន៍ដែលងាយរងគ្រោះដោយទឹកជំនន់ ឱ្យត្រៀមទប់ទល់នឹងទឹកជំនន់ដ៏គំហុកភ្លាមៗ ក្នុងអំឡុងពេលនេះ។

តំបន់ដែលត្រូវបានរំពឹងថា នឹងរងផលប៉ះពាល់ដោយទឹកជំនន់ភ្លាមៗ ចាប់ពីថ្ងៃសុក្រ សប្ដាហ៍នេះ រហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ មាននៅខេត្តភាគខាងជើងប្រទេសថៃ ចំនួន ១៣ខេត្ត, ខេត្តនៅភាគឦសានចំនួន ១៣ខេត្ត, ខេត្តនៅតំបន់វាលទំនាបកណ្ដាលចំនួន ៨ខេត្ត, ខេត្តភាគខាងកើតចំនួន ៦ខេត្ត និងខេត្តនៅភាគខាងត្បូងចំនួន ៨ខេត្ត។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានរាយការណ៍កាលពីថ្ងៃពុធ ថា ទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលមកពីឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi បានឆក់យកជីវិតមនុស្ស ៤នាក់នៅភាគខាងជើងប្រទេសថៃ ដោយអ្នកស្លាប់ ២នាក់នៅក្នុងខេត្តឈៀងម៉ៃ និង២នាក់ទៀតនៅឈៀងរ៉ៃ ក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ា។

ទន្ទឹមនោះ នាយកដ្ឋានឧតុនិយម ក៏បានព្រមានផងដែរថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗផងដែរ។ ក្រសួងបានព្យាករណ៍ថា «ចាប់ពីថ្ងៃទី១៣-១៧ ខែកញ្ញា សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីភ្លៀងយ៉ាងគំហុក»។

យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះជាតិបានឱ្យដឹងថា មនុស្សសរុបចំនួន ២៩នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយដែលទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមរដូវកាលនេះមក ខណៈជើងហោះហើរមួយចំនួន ត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិ ឈៀងរ៉ៃ ដោយសារតែអាកាសធាតុមិនអំណោយផលខ្លាំង៕

ប្រភព៖ Bangkok post

Share.