ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា សូមអបអរសាទរដោយស្មោះអស់ពីចិត្តចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសទទួលបានសញ្ញា​​បត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនដល់សម្តេចតេជោប្រធានព្រឹទ្ធសភា នាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងជាការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ និងការស្វែងរក ព្រមទាំងការពារសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់សង្គមជាតិនៃយើង។

ក្នុងឱកាសវិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Share.