ពោធិ៍សាត់៖ គម្រោងកសាងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់1គ្រាប់ដណ្ដប់លើផ្ទៃដី 9000 ហិកតានឹងត្រូវផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសក្តានុពលទេសចរណ៍ដ៏សំបូបែប ដែលត្រូវធ្វើរបងព័ទ្ធជុំវិញនៃតំបន់គម្រោងដើម្បីធានាសុក្រិតភាពក្នុងការថែរក្សាការពារនិងគ្រប់គ្រងតំបន់មាត់អាងវារីអគ្គិសនីនិងធនធានព្រៃឈើប្រកបដោយចីរភាពនិងនិរន្តរភាព។

នេះបើតាមការលើកឡើងរបស់ឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំបន្ទាន់មួយ រវាងតំណាងក្រុមហ៊ុន និងអាជ្ញាធរអង្គភាពស្ថាប័នមន្ទីរពាក់ព័ន្ធ រសៀលថ្ងៃទី 11ខែកញ្ញាឆ្នាំ 2024 ម្សិលមិញនេះ។
ដោយឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថាគម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់1 មានទំហំ 80 មេហ្កាវ៉ាត់ ដែលមានទំហំផ្ទៃដីចំនួន 9000 ហិតា គឺត្រូវចែកចេញជាពីរក្នុងគោលដៅតែមួយ ពោលគឺក្រៅពីទាយកសក្តានុពលថាមពលអគ្គិសនីនិងត្រូវរៀបចំបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណិតមួយសម្រាប់ខេត្តពោធិ៍សាត់ផងដែរ។

ក្នុងន័យនេះឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់បានជំរុញ ឱ្យគ្រប់ស្ថាប័ន អង្គភាពមន្ទីរ ពាក់ព័ន្ធ ទាំងអស់រួមនិងអាជ្ញាធរត្រូវចុះត្រួតពិនិត្យបន្ទាន់ ដើម្បីបោះបង្គោលព្រំ តាមព្រំប្រទល់ នឹងធ្វើរបងពុទ្ធជុំវិញតំបន់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់1សំដៅធានាភាពត្រឹមត្រូវ និងសុក្រិដ្ឋភាព ក្នុងការថែរក្សាការពារនិងគ្រប់គ្រងតំបន់មាត់អាងវារីអគ្គិសនីនិងធនធានព្រៃឈើប្រកបដោយចីរភាពនិងនិរន្តរភាព អោយមានប្រសិទ្ធភាព។

លើសពីនេះទៀត ត្រូវជួយសម្រួលនូវរាល់ឯកសារពាក់ព័ន្ធ ជាមួយនឹងបញ្ហាប្រឈមផ្សេងៗ ដើម្បីឲ្យដំណើរការនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុនមានភាពកក់ក្តៅនិងទទួលបានជោគជ័យ។សូមបញ្ជាក់ថាគម្រោងវិនិយោគស្ថាបនាវារីអគ្គិសនីស្ទឹងពោធិ៍សាត់1របស់ក្រុមហ៊ុន SPHP Cambodia Co, LTD ស្ថិតក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់បាននិងកំពុងដំណើរការស្ថាបនានិងត្រូវភ្ជាប់ជាមួយនឹងគម្រោងរៀបចំជាគោលដៅទេសចរណ៍ដ៏ប្រណិតមួយនៅលើទឹកដីខេត្តពោធិ៍សាត់ផងដែរ៕

អត្ថបទ៖ ពោធិ៍សាត់

