ភ្នំពេញ ៖ ទីតាំងមួយកន្លែង បើកតារាងបាល់ទះ ស្នូកឃ័រ តែលួចបើកលេងល្បែងសុីសងអនឡាញ ទោះជាកន្លងមកអាជ្ញាធរ ណែនាំអប់រំ តែនៅលួចបើកលេងដដែល ទើបនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាប ចាប់ដកហូតសម្ភារៈ នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមអាជ្ញាធរបានឱ្យដឹងថា កន្លងមកអាជ្ញាធរសង្កាត់ ខណ្ឌ ធ្លាប់ចុះទៅធ្វើការអប់រំ ណែនាំ ជៀសវាងបើកលេងនូវល្បែងសុីសងខុសច្បាប់ណាមួយ ព្រោះឃើញមានតែតារាងបាល់ទះ ស្នូកឃ័រ ស្រាប់តែស្ងាត់ៗ មានលួចបើកលេងល្បែងអនឡាញ ទើបនៅរសៀលថ្ងៃនេះ កម្លាំងគណបញ្ជាការឯកភាពខណ្ឌ ចុះទៅបង្ក្រាប ដកហូតបានសម្ភារៈ ល្បែងអនឡាញមួយចំនួន ។ ក្រោយពីដកហូតបានសម្ភារៈទាំងនោះ ត្រូវបានអាជ្ញាធរប្រមូលយកទៅរក្សាទុក នៅសាលាខណ្ឌពោធិ៍សែនជ័យ៕


អត្ថបទ៖ តាតុងសែនជ័យ

