ឈរលើទឡ្ហីករណ៍ចំនួន២ ទី១គឺការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារ ទី២ គឺផ្នែកលើអត្រាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជកនៅតាមបណ្ដាប្រទេសជិតខាងដូចជា ប្រទេសបង់ក្លាដេសថយពី ១១៦ ដុល្លារមក ១១០ ដុល្លារ និងនៅប្រទេសវៀតណាម ថយពី ២០៨ ដុល្លារ មកនៅត្រឹម ២០៦ ដុល្លារ ទើបភាគីតំណាងឲ្យនិយោជក (ថៅកែ) រក្សាគោលជំហរនៃការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៥ នៅត្រឹម២ដុល្លារ បន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ ដុល្លារ។
ចំណែកឯភាគីតំណាងឲ្យកម្មករនិយោជិត មានគោលជំហរផ្សេងៗគ្នា ដោយភាគីខ្លះស្នើដំឡើង ៦ ដុល្លារ ភាគីខ្លះស្នើដំឡើង ៧ ដុល្លារ ចំណែកខ្លះទៀតនៅតែរក្សាគោលជំហរដំឡើង ១០ ដុល្លារដដែល។
ចំណែកភាគីតំណាងឲ្យកម្មករនិយោជិត ក៏មានទឡ្ហីករណ៍ក្នុងការរក្សាគោលជំហរស្នើដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនដែរ។
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពន្យល់ថា ក្រសួងជាភាគីសម្របសម្រួល មានតួនាទីធ្វើយ៉ាងណាឲ្យភាគីតំណាងកម្មករនិយោជិត និងភាគីនិយោជក (ថៅកែ) ស្រុះស្រួលគ្នាទទួលយកតួលេខប្រាក់ឈ្នួលអប្បបរមារួមមួយគ្នាមួយ។ ជាក់ស្ដែកក្រោយពីប្រជុំ ជជែកវែកញែកជាច្រើនលើកកន្លងមក ឃើញថា តួលេខបានខិតកាន់ជិតត្រូវគ្នាហើយ។
សូមរំឭកថា កាលពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ ភាគីតំណាងឲ្យកម្មករនិយោជិត យល់ព្រមទម្លាក់សំណើដំឡើងប្រាក់ឈ្នួលអប្បបរមា ពី១៤ដុល្លារ មកនៅត្រឹម១០ដុល្លារ។ ចំណែកឯភាគីតំណាងឲ្យនិយោជក (ថៅកែ) បានយល់ព្រមដំឡើង២ដុល្លារសម្រាប់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៥ ខណៈប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតបច្ចុប្បន្ននៅខ្ទង់ ២០៤ ដុល្លារ៕
អត្ថបទ៖ ឈិន ធារ៉ាត់, វីដអូ៖ សេង សុខពៅពន្លក

