ហាណូយ៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាម បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសដោយសារព្យុះទីហ្វុង Yagi ដែលបណ្ដាលមកពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ បានកើនឡើងដល់ ២២៦នាក់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បើទោះជាទឹកជំនន់បានថនថយវិញនៅក្នុងទីក្រុងហាណូយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បាននឹងកំពុងរងគ្រោះដោយសារឥទ្ធិពលនៃព្យុះទីហ្វុង Yagi ដ៏ខ្លាំងក្លាបំផុតនៅក្នុងឆ្នាំនេះ ដែលព្យុះនេះបានបោកបក់នៅឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសនេះកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។



ទីភ្នាក់ងារគ្រោះមហន្តរាយវៀតណាម បាននិយាយនៅក្នុងរបាយការណ៍មួយថា មនុស្សជាង ១០០នាក់នៅតែបាត់ខ្លួន ខណៈមនុស្សប្រហែល ៨០០នាក់បានរងរបួស ចំណែកក្រុមហ៊ុន រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងប្រទេសបានរងការបំផ្លិចបំផ្លាញដោយសារព្យុះកំណាចមួយនេះផងដែរ។


បើតាមទីភ្នាក់ងារអាកាសធាតុវៀតណាម បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថា ទោះបីជាស្ថានភាពទឹកជំនន់បានថមថយជាងមុនបន្ដិចមែន ប៉ុន្ដែការរអិលបាក់ដី និងទឹកជំនន់ នៅតែបន្ដប៉ះពាល់ដល់តំបន់នានានៅទូទាំងប្រទេសវៀតណាមភាគខាងជើងដដែល។


យ៉ាងណាម៉ិញ សាលារៀនមួយចំនួន ក្នុងរដ្ឋធានីហាណូយ នៅតែបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែការបារម្ភពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីភ្លាមៗ ស្របពេលដែលប្រជាជនរាប់ពាន់នាក់ដែលកំពុងរស់នៅតំបន់ទំនាបត្រូវបានជម្លៀសនៅឡើយ៕

