គៀវ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិច កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងទឹកដីរុស្ស៊ី នោះមានន័យថា អង្គការណាតូ នឹងផ្ទុះសង្រ្គាម ជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ការព្រមានយ៉ាងម៉ឺងម៉ាត់របស់លោក ពូទីន បានកើតឡើងនៅពេលដែលមន្ត្រីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានពិភាក្សាអំពីការស្នើសុំរបស់ទីក្រុង Kyiv ដើម្បីឱ្យប្រទេសទាំង២ បន្ធូរបន្ថយច្បាប់ស្តីពីការបាញ់មីស៊ីល ដែលផលិតដោយលោកខាងលិច នៅក្នុងប្រទេសរុស្ស៊ី ដែលមានរយៈពេលជាង២ឆ្នាំមកនេះ ក្នុងការលុកលុយរបស់ទីក្រុងម៉ូស្គូ នៅប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនោះ ទីក្រុងមូស្គូក៏បានអះអាងដែរថា បានដណ្តើមយកមកវិញនូវទឹកដីមួយភាគធំនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ខ្លួន ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន ដណ្ដើមកាន់កាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ការថ្លែងរបស់លោកពូទីន កើតឡើង ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងពិនិត្យមើលឡើងវិញយ៉ាងឆាប់រហ័សនូវសំណើដ៏យូររបស់ទីក្រុង Kyiv ក្នុងការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី។

លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា ៖ «នេះមិនមែនជាសំណួរនៃការអនុញ្ញាត​ឱ្យ​របបអ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយអាវុធទាំងនេះឬក៏​អត់នោះទេ។ វាគឺជាសំណួរនៃការសម្រេចចិត្តថា តើ​បណ្ដា​ប្រទេសណាតូមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះយោធា​ ឬ​ក៏​អត់។ បើការសម្រេចចិត្តនេះត្រូវបាន​ធ្វើ​មែន នោះ​វានឹង​បាន​ន័យ​ថា​មាន​ការចូលរួមដោយផ្ទាល់ពីប្រទេសណាតូ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះនឹងក្លាយជាការចូលរួមដោយផ្ទាល់របស់ពួកគេ ហើយនេះជាការពិតណាស់នឹងផ្លាស់ប្តូរយ៉ាងខ្លាំង​លើ​លក្ខណៈ​នៃ​ជម្លោះ»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw កាលពីថ្ងៃព្រហស្បតិ៍ លោក Blinken បាននិយាយថា «សហរដ្ឋអាមេរិកនឹង កែសម្រួល យើងនឹងសម្របតាមការចាំបាច់ រួមទាំងទាក់ទងនឹងមធ្យោបាយដែលមាននៅក្នុងការចាត់ចែងរបស់អ៊ុយក្រែន ដើម្បីការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។

សូមជម្រាបថា ប្រទេសរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច គិត​ចាប់តាំងពីសម័យ​សង្គ្រាមត្រជាក់មក៕

ប្រភព៖ CNA

Share.