សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺលោក Felix Dalmas សញ្ជាតិអាហ្សង់ទីន និងបានប្រកាសតែងតាំងលោក Koji Kyotoku ជាគ្រូបង្វឹកថ្មីបណ្តោះអាសន្ន។

ការប្រកាស សម្រេចបញ្ចប់កុងត្រាជាមួយ Felix Dalmas ក្រោយជម្រើសជាតិកម្ពុជា អស់ឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់កម្រិតទ្វីប AFC Asian Cup 2027 ហើយក្នុងថ្ងៃតែមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងលោក Koji Kyotoku ជាគ្រូបង្វឹកថ្មីបណ្តោះអាសន្ន វិញ។
ចំពោះលោក Koji Kyotoku គឺធ្លាប់បានដឹកនាំក្រុមយុវជនឈុត ១៩ ២០ និង២៣ ជាដើមកាលពីពេលកន្លងទៅ ព្រមទាំងបានជួយឱ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ ឆ្នាំប្រកួតឈ្នះក្រុមខ្លាំង វៀតណាម និងថៃ ថែមទៀតផងនៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ នៅប្រទេសវៀតណាម។
ដោយលែកសម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ លោក Koji Gyotoku បានកំពុងដឹកក្រុមកីឡាករធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីបោះជំរុំហ្វឹកហាត់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាការត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់ AFC U20 Asian Cup 2025 Qualifier។
ក្នុងនោះផងដែរ ក្នុងដំណើរស្នាក់នៅ និងបោះជុំរុំហ្វឹកហាត់ ក្នុងទឹកដីថៃនេះដែរ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងត្រូវមានភារកិច្ចប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២០ឆ្នាំ មុននៅថ្ងៃទី១៣ កញ្ញានេះ មុនត្រឡប់មកកម្ពុជាវិញ។
កាលវិភាគ ៤ប្រកួត របស់ក្រុមក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ មានដូចខាងក្រោម៖
- ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា បួប អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ជួប ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University៕
សូមជម្រាបថា លោក Koji Kyotoku បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ មានស្រុកកំណើតនៅប្រទេសជប៉ុន បានមកធ្វើការនៅកម្ពុជា តាំងពីឆ្នាំ២០១៩ ដោយធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា អាយុ២១, ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បានដឹកនាំក្រុមយុវជនអាយុ២១ឆ្នាំ និងឆ្នាំ២០២៣ ដល់បច្ចុប្បន្នបន្តដឹកនាំក្រុម អាយុ២៣ , អាយុ១៧, និង អាយុ២១៕



