ស្វាយរៀង ៖ រថយន្តធុនធំដឹកទំនិញមួយគ្រឿង មិនហ៊ានបើកតាមផ្លូវល្អត្រឹមត្រូវទេ សង្ស័យខ្លាចសមត្ថកិច្ច ឬគយត្រួតពិនិត្យ សុខចិត្តបើកបរតាមផ្លូវលំវៀង ស៊ូកាត់ទឹក ជង្ហុក បែជាក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវលំក្បែរព្រំដែនវៀតណាម ក្នុងភូមិព្រៃរបឹស ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

រថយន្តដែលជួបគ្រោះថ្នាក់ម៉ាកហុីណូ ពណ៌ស ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0499 ដឹកទំនិញ វៀតណាម។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវល្អ ស្អាត ត្រឹមត្រូវ ម្តេចមិនបើកបរទៅ បែជារថយន្តមួយគ្រឿងខាងលើបើកកាត់តាមផ្លូវវៀង ផ្លូវលំកាត់ភូមិ ដែលកំពុងពិបាក លិចទឹក ជង្ហុក ហើយគ្រាដែលកំពុងបើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ផ្អៀងក្រឡាប់ផកងារជើង តែមិនបង្កឱ្យអ្នកណារងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យលើទំនិញដែលដឹកនោះ និងឱ្យម្ចាស់រករថយន្តស្ទូចទៅលើករថយន្តឡើងវិញ ៕
អត្ថបទ៖ តាតោងសែនជ័យ

