
ឯកឧត្ដម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលស្គាល់ថា ចរន្តនៃការចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស នៅតែមានជាហូរហែ ប៉ុន្តែសេវាសុខាភិបាលនៅក្នុងប្រទេសក៏មិនអន់ណាស់ណាដែរ ដោយក្នុងមួយឆ្នាំៗមន្ទីរពេទ្យក្នុងស្រុកបានផ្ដល់សេវាពិនិត្យនឹងព្យាបាលជំងឺគ្រប់ស្ថានភាពបានប្រមាណជាង ១៣លានករណី ខណៈករណីដែលចេញទៅពិនិត្យ និងព្យាបាលក្រៅប្រទេសមានប្រមាណជា ២០ ទៅ ២៥ម៉ឺនករណី។ ប្រសិនបើធ្វើការប្រៀបធៀបគ្នារវាងតួលេខទាំងពី វាឆ្លុះបញ្ចាំងថា ការចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស ស្មើនឹងប្រមាណជា ១,៥ % ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ថែមថា តួលេខនៃការចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជា ប្រសិនបើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដែលមានប្រព័ន្ធសុខាភិបាលរឹងមាំស្រាប់ ក៏នៅមានលក្ខណៈប្រដំប្រសងគ្នា។ ពោលអត្រានៃការចេញទៅព្យាបាលជំងឺនៅក្រៅស្រុករបស់ប្រជាជនមិនសូវខុសគ្នាប៉ុន្មានទេ។

ទោះបីជាតួលេខ នៃការចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសមានអត្រាទាបពិតមែន ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវខិតខំកែលំអវិស័យសុខាភិបាលបន្ថែមទៀត និងពង្រីកបន្ថែមឲ្យបានកាន់តែទូលំទូលាយស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើយ៉ាងណាកាត់បន្ថយអត្រាចេញទៅព្យាបាលនៅក្រៅប្រទេស ដែលត្រូវចំណាយច្រើនជាងព្យាបាលនៅក្នុងស្រុក។
រដ្ឋមន្ត្រីសុខាភិបាល បញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ក្រសួងសុខាភិបាលត្រូវពង្រឹងគុណភាពនៃការផ្ដល់សេវាសុខាភិបាល, ពង្រីក និងបង្កើនបរិមាណ ដែលសំដៅដល់ ការពង្រីកសេវាឲ្យទៅនៅកៀកនឹងប្រជាជន បង្កើនសេវាព្យាបាល និងទីកន្លែងសម្រាកព្យាបាលស្របតាមតម្រូវការ និងកត្តាសំខាន់មួយទៀតនោះ គឺបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ៕
អត្ថបទ៖ ឈិន ធារ៉ាត់

