ប្រជាជនរាប់រយនាក់ក្នុងប្រទេសមីយ៉ាន់ម៉ា បានភៀសខ្លួនពីទឹកជំនន់នៅជុំវិញរដ្ឋធានី Naypyidaw នាថ្ងៃសុក្រ នេះ ខណៈស្ថានភាពព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម បានថមថយជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

តំបន់ភាគខាងជើងនៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា បាននិងកំពុងប្រយុទ្ធនឹងគ្រោះទឹកជំនន់ និងការរអិលបាក់ដី បន្ទាប់ពីព្យុះទីហ្វុង Yagi ដែលបានវាយប្រហារ និងបង្កជាទឹកជំនន់ដ៏ខ្លាំងខ្លាកាលពីចុងសប្តាហ៍មុន។

ចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសទាំង៤ មានចំនួន ២៨០នាក់ក្នុងនោះមាន ២៣៣នាក់នៅក្នុងប្រទេសវៀតណាម និង ៣៦នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈមនុស្សជាច្រើននាក់បានបាត់ខ្លួននៅឡើយ ដែលគេរំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។

សេវាអគ្គីភ័យជាតិរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ បានបញ្ជាក់ពីចំនួនអ្នកស្លាប់ថ្មីដែលកើនឡើងដល់ ១៧នាក់ ខណៈដែលមនុស្សជាង ៥០,០០០នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ។
ទាក់ទិននឹងបញ្ហានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ទឹកជំនន់នៅក្នុងតំបន់ជុំវិញរដ្ឋធានី បានបណ្ដាលឱ្យមានការរអិលបាក់ដី រួមទាំងបំផ្លាញបង្គោលភ្លើង អគារ ផ្លូវថ្នល់ ស្ពាន និងផ្ទះសម្បែងផងដែរ៕

