កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ នៅចំណុច ក្នុងបន្ទប់ជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ មន បារាំង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅក្នុងប្រតិបត្តិការណ៍នេះដែរ សមត្ថកិច្ចដកហូតម៉ូតូ ០១គ្រឿងម៉ាក Honda Beat ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1IJ-9857 (របស់ជនរងគ្រោះ)។ ចំណែកជនរងគ្រោះ ឈ្មោះ ពៅ សុភី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង មានទីលំនៅស្នាក់នៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានោ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួនក្នុងបន្ទប់ជួលហើយបានចាក់សោ រួចចេញទៅធ្វើការតាមហាងបាត់ទៅ។លុះមកដល់វេលាម៉ោង០៤:០០នាទី ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក៏បានត្រឡប់ចូលមកបន្ទប់ជួលវិញ ក៏ឃើញមានស្នាមគាស់សោរបើក និងបាត់ម៉ូតូដែលទុកនៅក្នុងបន្ទប់ជួល រួចហើយរកមើលម៉ូតូមិនឃើញ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ជួយស្រាវជ្រាវរកម៉ូតូឱ្យ លុះក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមក សមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ក៏បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានព្រមទាំងដកហូតម៉ូតូរបស់ជនរងគ្រោះបញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា៖ គាត់ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.