ភ្នំពេញ ៖ ផ្ទះលក់គ្រឿងបន្លាស់រថយន្ត និងសម្ភារៈជួសជុលរថយន្ត មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយបាញ់ពន្លត់ កាលពីវេលាម៉ោង ១ និង ២០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅចំណុចផ្ទះលេខ 38c ផ្លូវលេខ ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុគេឃើញភ្លើងបានឆាប់ឆេះចេញពីកន្លែងស្តុក គ្រឿងបន្លាស់រថយន្តនៅជាន់ទី១ ផ្ទះកើតហេតុខាងលើ ផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យដើម្បីចេញជួយបាញ់ពន្លត់។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរ រថយន្តពន្លត់អគ្គិភ័យចំនួន ១៣ គ្រឿងបានចេញជួយអន្តរាគមន៍បាញ់ពន្លត់ឱ្យរលត់ទៅវិញ ពុំបណ្ដាលឲ្យឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងឡើយ។ ករណីខាងលើពុំបណ្ដាឲ្យមនុស្សគ្រោះថ្នាក់ទេ ដោយខូចខាតសម្ភារៈគ្រឿងបន្លាស់រថយន្ត និងសម្ភារៈមួយចំនួនធំ។ ចំពោះមូលហេតុដែលបង្កជាអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទ៖ សេង សាវី

