ភ្នំពេញ ៖ ក្រុមអ្នកលក់ដូរមួយចំនួនតូច បោះទីតាំងលក់ដូរនៅតាមចិញ្ចើមផ្លូវសហព័ន្ធរុស្សុី ជាប់របងព្រលាមយន្តហោះពោធិ៍ចិនតុង ភូមិព្រៃទា១ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នាំឱ្យបាត់សោភ័ណ្ឌភាពដងផ្លូវ បាត់សណ្តាប់ធ្នាប់ ត្រូវបានកម្លាំងអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះទៅរៀបចំរុះរើតង់ចេញវិញ ។

តាមអាជ្ញាធរបានឱ្យដឹងថា កន្លងមកធ្លាប់បានណែនាំ អប់រំដល់ក្រុមអ្នកលក់ដូរចល័ត តាមរុឺម៉ក តាមម៉ូតូ រថយន្ត ឈប់សំចតនៅតាមចិញ្ចើមផ្លូវ ជាប់របងព្រលានយន្តហោះ មួយចំនួនដាក់តាំងតុ កៅអី មានទាំងចងតង់ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ បាត់អស់សោភ័ណ្ឌភាពដងផ្លូវ ត្រូវបានអាជ្ញាធរហាមឃាត់ ទើបតែមួយរយៈពេលនេះ ស្ងាត់ៗស្រាប់តែមានក្រុមអ្នកលក់ដូរ មួយចំនួនតូច យកទាំងតាំង ដាក់តុ កៅអី ចងតង់ ចងអង្រឹង ទើបនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះទៅរុះរើតង់ទាំងនោះចេញវិញ ។

អាជ្ញាធរអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកលក់ដូរតាមរុឺម៉ក ម៉ូតូ រថយន្ត ចូលរួមសហការ លើបរិស្ថាន សណ្តាប់ធ្នាប់ តាមដងផ្លូវ យកទីតាំងខាងលើធ្វើជាកន្លែងលក់ដូរ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ សោភ័ណ្ឌភាពដងផ្លូវ ខណៈដែលដងផ្លូវសហព័ន្ធរុស្សុី ភ្ញៀវជាតិ អន្តរជាតិ ឆ្លងកាត់៕

អត្ថបទ៖ តាតុងសែនជ័យ

