បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump មានសុវត្ថិភាពជាថ្មី កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះ បន្ទាប់ពី FBI ទប់ស្កាត់ទាន់ពេលវេលា នូវការប៉ុនប៉ងធ្វើឃាតថ្មីមួយ ខណៈរូបលោកកំពុងវាយកូនហ្គោលនៅក្នុងទីក្រុង West Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

មន្ត្រីអនុវត្តច្បាប់បាននិយាយថា ទីភ្នាក់ងារសេវាកម្មសម្ងាត់ (Secret Service) បានប្រទះឃើញ និងបាញ់ទៅលើខ្មាន់កាំភ្លើងម្នាក់ដែលសម្ងំនៅក្នុងគុម្ពោតព្រៃ មានចម្ងាយ២-៣រយម៉ែត្រ ពីកន្លែងដែលលោក ត្រាំ កំពុងលេងវាយកូនហ្គោល។

ជនសង្ស័យគេចខ្លួនពីកន្លែងកើតហេតុ និង​បាន​បន្សល់ទុក​កាំភ្លើងមួយដើមម៉ាក AK-47 មួយដើម និង​សម្ភារៈមួយចំនួនទៀត​នៅ​កន្លែងកើតហេតុ ហើយ​ជិះ​រថយន្ត​គេចខ្លួន ប៉ុន្តែ​ក្រោយមក​ជនសង្ស័យនេះ ត្រូវបាន​ចាប់ខ្លួន​។

ការប៉ុនប៉ងបញ្ចប់ជីវិតលោក ដូណាល់ ត្រាំ បានកើតឡើងជាថ្មី ត្រឹមតែរយៈ ២ខែប៉ុណ្ណោះ បន្ទាប់ពីលោក ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំស្លឹកត្រចៀកខាងស្ដាំ នៅឯការប្រមូលផ្ដុំយុទ្ធនាការបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania។

ឧប្បត្តិហេតុទាំង២ លើកនេះ បង្ហាញពីបញ្ហាប្រឈមនៃការរក្សាសុវត្ថិភាពជូនបេក្ខភាពប្រធានាធិបតីនៅក្នុងយុទ្ធនាការប្រកួតប្រជែងដ៏ក្តៅគគុក និងមានភាពចម្រូងចម្រាសនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីរបស់សហរដ្ឋអាមេរិក ដែលមានរយៈពេលត្រឹមតែជាង ៧សប្តាហ៍ប៉ុណ្ណោះ មុនការបោះឆ្នោតមកដល់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

សារព័ត៌មាន New York Times និង Fox News បានកំណត់អត្តសញ្ញាណជនសង្ស័យថា ជាបុរសវ័យ៥៨ ឆ្នាំ ឈ្មោះ រៃអាន វ៉េស្លី រ៉ូត (Ryan Wesley Routh) មកពីរដ្ឋ Hawaii ដោយសំអាងប្រភពពីមន្ត្រីអនុវត្តច្បាប់មិនបញ្ចេញឈ្មោះ។

ទាក់ទិននឹងបញ្ហានេះ FBI បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអត្តសញ្ញាណរបស់ជនសង្ស័យនោះទេ ហើយភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតដែលពាក់ព័ន្ធ ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអ្វីនោះដែរ។

យ៉ាងណាម៉ិញ ក្រោយកើតហេតុជាលើកទី២ លោក ត្រាំ ក៏បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គមដែរថា «រូបលោកមានសុវត្ថិភាព» ខណៈសេតវិមាន ចេញផ្សាយសេចក្ដីថ្លែងការណ៍ដោយបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន និងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បានទទួលព័ត៌មានអំពីការប៉ុនប៉ងធ្វើឃាតសារជាថ្មីលើលោក ត្រាំ ហើយថា អ្នកទាំង២ បានធូរស្រាលក្នុងចិត្ត ដែលលោក ត្រាំ មានសុវត្ថិភាព៕

ប្រភព៖ Reuters

Share.