បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែត និងសាធារណៈ កុំឱ្យមានការព្រួយបារម្ភ អំពីការខ្វះខាតទឹកប្រើប្រាស់ជាប្រចាំថ្ងៃបន្តទៀត ព្រោះអាជ្ញាធរ និងក្រុមមហ៊ុនផលិតទឹកស្អាត អានកូ វ៉តធើរ សឹមផ្លាយ បានត្រៀមដោះស្រាយរឿងនេះរួចហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

តាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រោយពីបានពិនិត្យការជូនដំណឹងរបស់ក្រុមមហ៊ុនផលិតទឹកស្អាត អានកូ វ៉តធើរ សឹមផ្លាយរួច នៅពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមការងារមន្ទីធធានទឹក និងឧតុនិយមខេត្ត រួមជាចៅសង្កាត់និមិត្ត និងតំណាងក្រុមហ៊ុនផលិតទឹកស្អាត អានកូ បានចុះពិនិត្យទីតាំងប្រឡាយការពារតំបន់អភិរក្សព្រៃឈើ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមានបណ្តាលប្រវែង៤។៥០០ម៉ែត្រ និងទទឹងប្រវែង៣០ម៉ែត ជម្រៅទឹក បច្ចុប្បន្ន ៥,៥ម៉ែត្រដែលមានបរិមាណទឹកប្រមាណ ៧៤០,០០០ម៉ែត្រគូប (ប្រាំពីសែនម៉ឺនម៉ែគូប) ។


ក្រោយពីចុះពិនិត្យជាក់ស្តែង ខាងក្រុមហ៊ុនបានធាបាថា និងដំឡើងម៉ូទ័របូមទឹកខ្នាតធំ ដើម្បី បូមទឹកពីប្រភពខាងលើ បញ្ជូនមកទីតាំងផលិតទឹកស្អាតបន្ថែមទៀត។ ព្រមទាងបានត្រៀមគ្រឿងចក្រ សម្រាប់កាយប្រឡាយនាំទឹក ដើម្បីឱ្យបានដល់គោលដៅ។ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែត កុំបារម្ភរឿងខ្វះខាតទឹកប្រើប្រាស់បន្តទៀត។

សូមបញ្ជាក់ដែលថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ប៉ោយប៉ែត បានជំរាបជូនដល់អតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតថា ក្រុមហ៊ុនមានអាងស្តុបទឹកឆៅចំនួន ២ទីតាំង ចំណុះប្រហែល ៩០០០ ០០០ម៉ែត្រគីប ហើយជាក់ស្ដែងអាងស្តុបទឹកទាំងពីរនេះសល់ទឹកឆៅត្រឹមតែ ១០% ប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់បានត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។

បញ្ហាទាំងនេះបណ្ដាលមកពីបញ្ហាអាកាសធាតុនៅតែបន្តរាំងស្ងួត ទើបពុំមានទឹកគ្រប់គ្រាន់ ជាហេតុធ្វើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ធ្វើការបិទនិងបើកទឹកបញ្ជូនទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋទៅតាមពេលវេលាចាំបាច់។ ហើយសម្រាប់តំបន់ដែលនៅចុងបណ្ដាញមួយចំនួនត្រូវបិទផ្គត់ផ្គង់ ១២ម៉ោង និងបើកផ្គត់ផ្គង់វិញ ១២ម៉ោងទៅតាមពេលកំណត់ ។

ក្រុមហ៊ុនទឹកស្អាតអានកូ បញ្ជាក់ថា បញ្ហាកង្វះទឹកនេះនៅតែបន្ត ប្រសិនបើអាកាសធាតុនៅតែរាំងស្ងួតពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ ការផ្គត់ផ្គង់ទឹកស្អាតនិងត្រូវខ្វះឬអាចនឹងដាច់ទឹកមួយរយៈទម្រាំនឹងមានទឹកសម្រាប់ផ្គត់ផ្គង់វិញ។ដូច្នេះសូមបងប្អូនត្រៀមរក្សាទឹកទុកក្នុងផ្ទះឲ្យមានខ្លះដើម្បីត្រៀមបម្រុងការពារទឹកដាច់ជាយថាហេតុ៕

