សិល្បៈជាតិ ៖ ដើម្បីចង់ឱ្យកូនប្រុសនៅមានជីវិតបន្តទៀត អ្នកស្រី អេង ហេងលី ជាម្តាយឆលីបានខិតខំរៀបចំពិព័រណ៍ដេញថ្លៃគំនូរសប្បុរសធម៌លើកទី២ ដោយបានប្រមូលផ្ទាំងគំនូរល្បីៗជាច្រើនផ្ទាងមកដាក់ដេញថ្លៃ។

ការតាំងពិព័រណ៍សិល្បៈគំនូរ និងការដេញថ្លៃសប្បុរសធម៌របស់សិល្បៈករគំនូរ លោក ព្រហ្ម ពន្លឺ បានរៀបចំនៅទីតាំងមជ្ឈមណ្ឌលលក់ CEO នៅថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០២៤ ដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួមទិញសំបុត្រ និងចាប់អារម្មណ៍ចំពោះស្នាដៃសិល្បករឆ្នើមរូបនេះ។ អ្នកស្រី អេង ហេងលី ជាម្តាយឆលី និងជាភរិយាលោក ព្រហ្ម ពន្លឺ បានញញឹមដោយក្ដីរីករាយស្វាគមន៍ភ្ញៀវកិត្តិយស និងមមារញឹកនាំឆលីមកថតរូបអនុស្សាវរីយ៍ជាមួយភ្ញៀវគ្រប់រូបនៅពីមុខផ្ទាំងគំនូរល្បីៗជាច្រើនផ្ទាំងផងដែរ។

កម្រនឹងបានជួបផ្ទាល់ជាមួយអ្នកសារព័ត៌មាន អ្នកស្រី អេង ហេងលី ដែលទើបតែធ្វើដំណើរមកពីខេត្តសៀមរាប បានរៀបរាប់បញ្ជាក់នៅចំពោះមុខអ្នកសារព័ត៌មាន អំពីទំហំទឹកចិត្តជាម្ដាយក្នុងការចិញ្ចឹមមើលថែឆលីគ្រប់ពេលវេលាដោយបានលះបង់គ្រប់បែបយ៉ាងព្រោះចង់ឱ្យកូនប្រុសនៅមានជីវិត និងបានបញ្ជាក់ប្រាប់ពីស្ថានភាពសុខភាពកូនប្រុសផងដែរ។

គួររំលឹកដែរថា រូបគំនូរដែលត្រូវបានដាក់តាំងពិព័រណ៍ និងដេញថ្លៃទាំងអស់នោះមានចំនួនជាង៣០ផ្ទាំង ដែលជាស្នាដៃសិល្បៈរបស់វិចិត្រករ ព្រហ្មពន្លឺ ជាឪពុកឆលី និងជាស្នាដៃសិល្បករកម្ពុជាជាច្រើនរូបផ្សេងទៀត។ បេសកម្មមួយនេះ ទាំងសិល្បករព្រហ្មពន្លឺ និងភរិយាគឺអ្នកស្រី អេង ហេងលី បានខិតខំពុះពារដើម្បីប្រមូលថវិកាបរិច្ចាគទៅកាន់ ឆលី ដែលកើតជំងឺមហារីកដំណាក់កាលទី៤ និងជួយដល់កុមារកម្ពុជាដែលមានជំងឺមហារីកជាច្រើននាក់ផ្សេងទៀត តាមរយៈការលក់សំបុត្រដែលមានតម្លៃ ៨ ដុល្លារក្នុងមួយបណ្ណ។

សូមជម្រាបថា សម្រាប់សប្បុរសដែលមានបំណងចង់ចូលរួមចែករំលែកក្ដីស្រឡាញ់តាមរយៈការព្យាបាលជំងឺរបស់អូនតូចឆលី លោកអ្នកអាចបរិច្ចាគទឹកប្រាក់តាមរយៈគណនីរបស់អ្នកស្រី អេង ហេងលី ABA 000 547 860 និងអេស៊ីលីដា 069 888 066 ៕

Share.