កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ស្ដីពី​ការ​ផ្ដល់​អាហារ​នៅ​តាម​សាលារៀន សម្រាប់​ឆ្នាំ ២០២៤ ដល់ ២០៣៥ ដែល​មាន​វិសាលភាព​ចាប់​ពី​ថ្នាក់​មត្តេយ្យ​សិក្សា ដល់​មធ្យម​សិក្សា​សាធារណៈ​។ ការ​ដាក់​ឲ្យ​អនុវត្ត​គោល​នយោបាយ ផ្ដល់​អាហារ​នៅ​តាម​សាលារៀន​លើកនេះ ជា​ដំណាក់កាល​ថ្មី​មួយ​ដែល បន្ទាប់​ពី​ឆ្លង​កាត់​បទ​ពិសោធន៍​ជោគជ័យ​នា​ពេល​កន្លង​មក​ជាង ២០ ឆ្នាំ​។

យោង​តាម​ខ្លឹមសារ​នៃ​គោល​នយោបាយ​ខាង​លើ បទ​ពិសោធន៍​ជោគជ័យ​នោះ​គឺ ការ​ផ្ដល់​អាហារ​តាម​សាលារៀន បាន​ជួយ​បង្កើន​ការ​ចូល​រៀន រក្សា​វត្តមាន​សិក្សា ពង្រឹង​ការ​ផ្ចង់​ស្មារតី​ក្នុង​ម៉ោង​សិក្សា និង​លើក​កម្ពស់​លទ្ធផល​សិក្សា របស់​សិស្ស ជា​ពិសេស​សិស្ស​ស្រី​។ ការ​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើ​ប្រាស់​កសិផល​ក្នុង​សហគមន៍ បាន​រួម​ចំណែក​ដល់​ការ​ប្រយុទ្ធ​នឹង​ការ​អត់​ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ និង​អាច​ជួយ​ធានា​ឱ្យ​កុមារ ទទួល​បាន​អាហារ​ដែល​មាន​សារ​ជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ និង​ទៀង​ទាត់​។

របាយការណ៍​វាយ​តម្លៃ​ស្ដីពី​កម្មវិបាក (​លទ្ធផល​ទទួល​បាន​មក​វិញ​) នៃ​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន បាន​ចង្អុល​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​លើ​ការ ចុះ​ឈ្មោះ​ចូល​រៀន​របស់​សិស្ស​កម្ពុជា ដែល​នៅ​ឆ្នាំ ២០០១ អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​មាន​ត្រឹមតែ ៨១​% និង​កើន​ឡើង រហូត​ដល់ ៩៨​% នៅឆ្នាំ​២០១៩ ជា​ពិសេស​តំបន់​ជនបទ និង​ដាច់​ស្រយាល​។ បន្ថែម​ពី​នេះ សាលារៀន ក្នុងស្រុក ដែល​ទទួល​បាន​ការ​អន្តរាគមន៍​លើ​កម្មវិធី​អាហារ​តាម​សាលារៀន បាន​បង្ហាញ​លទ្ធផល​ជា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់​លើ​គុណភាព​អប់រំ ដូច​ជា​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​សិស្ស​មាន​ការ​កើន​ឡើង​រហូត​ដល់​៩៩​,​២​% អត្រា​បញ្ចប់ ការ​សិក្សា​កើន​ឡើង​ដល់ ៨៥,៣​% និង​ការ​កាត់​បន្ថយ​ការ​បោះបង់​ការ​សិក្សា​ដល់​៤.៥% ខណៈ​សាលារៀន ដែល​មិន​បាន​ទទួល​ការ​អន្តរាគមន៍​កម្មវិធី​នេះ មាន​អត្រា​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​តែ៩ % ការ​បន្ទាប់​ការ​សិក្សា ៨១​,​៩​% ហើយ​អត្រា​នៃ​ការ​បោះបង់​ការ​សិក្សា​មាន​រហូត​ដល់​៤​,​៨​%​។

សូម​ជម្រាប​ថា កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ឆ្នាំ ១៩៩៩ ក្រោម​កិច្ច​សហការ​ជា​មួយ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ ធ្វើ​ឡើង​នៅ​សាលា​បឋមសិក្សា​ចំនួន ៦៤ ដែល​មាន​អ្នក​ទទួល​ផល ៣៧ ៥០០ នាក់ និង​បន្ត​ពង្រីក​ជា​បន្តបន្ទាប់​ដោយ​ប្រើប្រាស់​ស្បៀង​ដែល​ផ្គត់ផ្គង់​ទាំងស្រុង​ដោយ​កម្មវិធី​ស្បៀង អាហារ​ពិភពលោក ក្នុង​គោលបំណង​ផ្ដល់​លទ្ធភាព​ដល់​កុមារ​មក​ពី​គ្រួសារ​ក្រីក្រ​បាន​ចូល​រៀន​។ នៅ​ឆ្នាំ ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា ក្រោម​ជំនួយ​ពី​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បាន​ចាប់​ផ្ដើម​អនុវត្ត​សាកល្បង កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ដែល​ជា​គំរូ​ថ្មី​មួយ​ក្នុង​ការ​ផ្ដល់​អាហារ តាម​សាលារៀន សំដៅ​ធានា​បាន​នូវ​អាហារ​មាន​សុវត្ថិភាព និង​អាហារូបត្ថម្ភ គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​អាច​អនុវត្ត​បាន​។ ក្នុង​ឆ្នាំ​សិក្សា ២០១៨​-​២០១៩ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​អនុវត្ត​សាកល្បង​កម្មវិធី​នេះ​នៅ​ខេត្ត​ស្ទឹង​ត្រែង ដោយ​ប្រើប្រាស់​ថវិកា​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​។ បន្ទាប់​មក កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ត្រូវ​បាន​ដាក់​អនុវត្ត​ជា​កម្មវិធី​ជាតិ កាល​ពី​ខែ​មករា ឆ្នាំ ២០២០ សម្រាប់​ឆ្នាំ​សិក្សា ២០១៩​-​២០២០ ដោយ​ប្រើប្រាស់​ថវិកាជាតិ នៅ​ក្នុង​ស្រុក​ដែល​ងាយ​រងគ្រោះ​ចំនួន​១៧ នៃ​ខេត្ត​ចំនួន ៦ រួម​មាន សៀមរាប​, ព្រះវិហារ​, បាត់ដំបង​, ស្ទឹងត្រែង​, បន្ទាយមានជ័យ​, និង​កំពង់ចាម ដោយ​គ្របដណ្ដប់​សាលារៀន គោលដៅ​ចំនួន ២០៥ សាលា និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សិស្ស​ចំនួន ៥២ ១៣០ នាក់​។

គិត​ត្រឹម​ឆ្នាំ​សិក្សា ២០២២​-​២០២៣​, កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ បាន​អនុវត្ត នៅ​តាម​សាលារៀន​ចំនួន​៤២៧ ក្នុង​ក្រុង​/​ស្រុក​ចំនួន​២៣ នៃ​ខេត្ត​គោលដៅ​ចំនួន​១០ ដែល​សិស្ស​ទទួល​អត្ថ​ប្រយោជន៍​ពី​កម្មវិធី​ចំនួន​រហូត​ដល់ ១១៣ ៣១៩​នាក់ និង​បន្ត​ពង្រីក​វិសាលភាព​តាម​សាលាបឋមសិក្សា​ជា​បន្តបន្ទាប់​។

សម្រាប់​កម្មវិធី​ផ្ដល់​អាហារ​នៅ​តាម​សាលារៀន សម្រាប់​ឆ្នាំ ២០២៤ ដល់ ២០៣៥ អ្នក​នាំ​ពាក្យ​ក្រសួង​អប់ យុវជន និង​កីឡា នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​ផែនការ​អនុវត្ត​បន្ត នៅ​ឡើយ​៕

បទយកការណ៍៖ «ហូបឆ្អែត មានកម្លាំងរៀន និងកាត់បន្ថយចំណាយ» ជាប្រធានបទ នៃកម្មវិធីផ្ដល់អាហារតាមសាលារៀន

អត្ថបទ៖ ឈិន ធារ៉ាត់

Share.