ភ្នំពេញ ៖ ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ ក្នុងសភាពសតិមិនប្រក្រតី រួមជាមួយកូនប្រុសម្នាក់អាយុ៧ឆ្នាំ ត្រូវបានរថយន្តតាក់សុីឱ្យចុះតាមផ្លូវ បន្ទាប់ពីដឹងថាមិនប្រក្រតី គោលដៅទៅមិនច្បាស់លាស់ ស្រាប់តែកូនប្រុសកើតមានអាការមិនស្រួល ដួលសន្លប់ឈឹង ម្តាយអង្គុយមើលធ្វើមិនដឹង ផ្អើលអ្នកដំណើរតាមផ្លូវ ប្រជាពលរដ្ឋក្បែរនោះឃើញ ជួយនាំយកកូនប្រុសទៅគ្លីនិកក្បែរនោះ ដើម្បីសង្គ្រោះអាយុជីវិត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៤ ក្រោមស្ពានអាកាសថ្មើរជើង ខាងមុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីខាងលើមានអាយុជាង៣០ឆ្នាំ មានសតិមិនប្រក្រតី រួមដំណើរជាមួយកូនប្រុសម្នាក់ អាយុ៧ឆ្នាំ ។

បើតាមបុរសម្នាក់ជាអ្នកបើករថយន្តតាក់សុី បានឱ្យដឹងថា ស្ត្រីខាងលើ រួមដំណើរជាមួយកូនប្រុសម្នាក់ បានជិះរថយន្តរបស់គាត់ ពីក្រុងព្រះសីហនុ ចូលមកក្រុងភ្នំពេញ ហើយពេលដែលឡើងជិះគាត់ក៏មិនដឹងថា មានអាការបែបនេះដែរ លុះធ្វើដំណើរមកដល់ភ្នំពេញហើយ ស្ត្រីខាងលើគាត់មិនចុះពីរថយន្តទេ ដោយប្រាប់ថា គាត់គ្មានលុយ ហើយសុំជូនគាត់ទៅក្រុងព្រះសីហនុវិញ ដោយមើលឃើញអាណិត ក៏អនុញ្ញាតិជិះរថយន្តវិលត្រឡប់ទៅវិញ បាយទឹកក៏មិនទាន់ទទួលទាន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច លុះដល់ចំណុចស្ពានអាកាសថ្មើរជើង មុខវិទ្យាល័យជម្ពូវ័ន ស្ត្រីខាងលើបានទាមទារឱ្យជូនទៅខេត្តកំពង់ធំវិញ ដែលខុសពីគោលដៅរថយន្តឈ្នួលរបស់គាត់ ឃើញដូចនោះក៏ឈប់រថយន្តសាកសួរ គោលដៅឱ្យច្បាស់ប្រាកដ ទើបដឹងថាស្ត្រីខាងលើមានសតិមិនប្រក្រតី ទើបសម្រេចឱ្យគាត់ចុះតាមបំណងរបស់គាត់ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា បន្ទាប់ពីស្ត្រីរូបនេះនាំកូនប្រុសចុះពីរថយន្តឈ្នួល អង្គុយក្រោមស្ពាន រហូតដល់កូនប្រុសកើតមានអាការដួលសន្លប់ ម្តាយអង្គុយមើលធ្វើមិនដឹង ពលរដ្ឋឃើញ ដឹងថាម្តាយមានសតិមិនប្រក្រតី បាននាំយកកូនប្រុសទៅសង្គ្រោះនៅគ្លីនិកក្បែរនោះ ហើយអាជ្ញាធរ សមត្ថកិច្ច ចុះទៅនិយាយលួងលោម រង់ចាំឱ្យម្តាយដឹង ស្រួលខ្លួនបន្តិច នឹងសួររកគោលដៅ ទៅផ្ទះសម្បែងឱ្យប្រាកដ នឹងជួយចេញសោហុយធ្វើដំណើរជុនគាត់ ៕

អត្ថបទ៖ តាតុងសែនជ័យ

