អ្នក​ស្រី វ៉ាត លីដា តំណាងអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង

ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​ប្រយុទ្ធ​នឹង​មេរោគ​របេង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ហូត​ជា​សះស្បើយ បច្ចុប្បន្ន​អ្នកស្រី វ៉ាត លីដា និង​គ្រួសារ​មាន​សុខភាព​ល្អ​ប្រសើរ និង​ក្លាយ​ជា​ជន​បង្គោល​នៅ​ក្នុង​សហគមន៍ ដែល​មាន​តួនាទី​ជួយ​ដល់​អ្នក​ឆ្លង​ជំងឺ​របេង​ផ្សេងៗ​ទៀត ក្នុង​ការ​តស៊ូ​ព្យាបាល​ជំងឺ​ឆ្លង​តាម​ខ្យល់​នេះ ឲ្យ​បាន​ជា​សះស្បើយ​ដូច​ជា​អ្នក​ស្រី និង​ក្រុម​គ្រួសារ​ដែរ​។

អ្នក​ស្រី វ៉ាត លីដា បាន​លើកឡើង​ពី​បទពិសោធន៍​ព្យាបាល​ខ្លួន​ឯង ក្រុម​គ្រួសារ និង​ប្រជាជន​ក្នុង​សហគមន៍ ដែល​អ្នកស្រី​ធ្លាប់​ឆ្លង​កាត់​ជា​ច្រើន​ករណី​កន្លង​មក​ថា បញ្ហា​ប្រឈម​ធំៗ​ដែល​រារាំង​មិន​ឲ្យ​អ្នក​ជំងឺ​របេង​តស៊ូ​ព្យាបាល​ខ្លួន​ដល់​ជា​សះស្បើយ ហើយ​បណ្ដោយ​ខ្លួន​រហូត​ដល់​ស្លាប់ មាន​៣ គឺ ទី​១ ការ​ឈម​នឹង​ប្រតិកម្ម​ថ្នាំ​, ទី២ គឺ​កត្តា​ជីវភាព​, និង​ទី៣ កត្តា​បាក់​ទឹក​ចិត្ត​។

ចំពោះ​កត្តា​ប្រឈម​ទី​មួយ គឺ​ប្រតិកម្ម​នៃ​ថ្នាំ អ្នកស្រី​ប្រាប់​ថា ការ​ព្យាបាល​ជំងឺ​របេង​ធ្វើ​ឡើង​ជា​ដំណាក់កាល ដោយ​ដំណាក់​កាល​ទី​១ គឺ​ត្រូវ​សម្រុក​លេប​ថ្នាំ​ដើម្បី​បំបាក់​មេរោគ ហើយ​ថ្នាំ​ព្យាបាល​របេង​ពេល​ទទួល​ទាន​ម្ដងៗ​មាន​ច្រើន​គ្រាប់​បញ្ចូល​គ្នា​។ លើស​ពី​នេះ ប្រតិកម្ម​ថ្នាំ​បណ្ដាល​ឲ្យ​លំបាក​ក្នុង​ខ្លួន ដោយសារ​មាន​អាការៈ​ផ្សេងៗ ដូច​ជា​រមាស់ ឈឺក្បាល វិលមុខ ចង្អោរ ជាដើម​។ ប្រសិន​បើ​អ្នក​ជំងឺ​ទ្រាំង​បាន​រយៈ​ពេល​២​សប្ដាហ៍ ដោយ​ទទួល​ទាន​ថ្នាំ​បាន​ទៀងទាត់ អាការៈ​អស់​ទាំង​នេះ នឹង​ធូរស្រាល​មក​វិញ​។

ពាក់ព័ន្ធ​នឹង​កត្តា​ជីវភាព អ្នក​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​កើត​ជំងឺ​របេង​សួត​ធ្ងន់ធ្ងរ​ភាគ​ច្រើន គឺ​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម និង​មិន​សូវ​ធូរធារ​។ ទោះបីជា​ការ​ព្យាបាល​ជំងឺ​នេះ​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ ក៏​ប៉ុន្តែ​ផល​រំខាន ដែល​បណ្ដាល​មក​ពី​ប្រតិកម្ម​ថ្នាំ​ពេទ្យ វា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​ប្រកប​របរ​ទទួលទាន​របស់​ពួក​គាត់​។ នេះ​ជា​ការ​ពន្យល់​របស់​អ្នក​ស្រី វ៉ាត លីដា​។ អ្នកស្រី​បន្ត​ថា គ្រួសារ​អ្នក​កើត​ជំងឺ​របេង​ខ្លះ មាន​ជន​បង្គោល​ក្នុង​គ្រួសារ​តែ​ម្នាក់ ដែល​ត្រូវ​រ៉ាប់រង​ចំណូល​គ្រួសារ​។ ដូច្នេះ​ហើយ ការ​អាក់ខាន​មិន​បាន​បំពេញ​ការងារ​រក​ចំណូល វា​នឹង​ធ្វើ​ឲ្យ​ជីវភាព​ពួកគាត់​កាន់​តែ​ដុនដាប ហើយ​ប្រសិន​បើ​មាន​បំណុល​ធនាគារ​នោះ គឺ​រឹត​តែ​យ៉ាប់​។ កត្តា​នេះ អាច​នឹង​ជំរុញ​ឲ្យ​ពួក​គាត់​លាក់បាំង​ពី​ស្ថានភាព​ជំងឺ និង​មិន​ព្រម​តស៊ូ​ព្យាបាល​ខ្លួន​។

កត្តា​ធ្ងន់ធ្ងរ​មួយ​ទៀត​គឺ ការ​បាក់​ទឹក​ចិត្ត ដែល​បណ្ដាល​មក​ពី​ខ្វះ​ព័ត៌មាន ភាព​អៀនខ្មាស និង​ការ​រើសអើង​ក្នុង​សង្គម​។ អ្នក​ស្រី លីដា ថា ការ​រក្សា​គម្លាត​សង្គម ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ វា​មិនមែន​ជា​ការ​រើសអើង​នោះ​ទេ ប៉ុន្តែ​ការ​ចាត់​ថ្នាក់ ការ​វាយ​តម្លៃ ការ​ប្រើ​កាយវិការ និង​ពាក្យ​សម្ដី​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​ថា​ខ្លួនឯង​នៅ​មិន​ចុះ​នឹង​សង្គម ឬ​ត្រូវ​បាន​សង្គម​ស្ងប់​ខ្ពើម នោះ​ហើយ​ដែល​ជា​ការ​រើសអើង​ពិត​ប្រាកដ ដែល​មិន​គួរ​កើត​មាន​ចំពោះ​អ្នក​ជំងឺ​របេង​។ ផ្ទុយ​មក​វិញ ក្នុង​នាម​ជា​អ្នក​ជិត​ខាង ជា​សាច់​ញាតិ ត្រូវ​ពន្យល់​ណែនាំ និង​លើក​ទឹក​ឲ្យ​អ្នក​ជំងឺ​ព្យាយាម​តស៊ូ​ប្រយុទ្ធ​នឹង​ជំងឺ​កាច​សាហាវ​នេះ ទាល់​តែ​បាន​ជា​សះ​ស្បើយ​មក​វិញ​។

អ្នកស្រី​បញ្ជាក់​ថា របេង​ជា​ជំងឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​ខ្យល់ មិនមែន​ជា​ជំងឺ​ត​ពូជ​នោះ​ទេ​ ហើយ​ជំងឺ​នេះ ជា​ជំងឺ​ដែល​ព្យាបាល​ជា​ដាច់​តាម​លក្ខណៈ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ដែល​អាច​ឲ្យ​អ្នក​ជំងឺ​ជា​សះស្បើយ ត្រលប់​មក​ជា​មនុស្ស​មាន​សុខភាព​ល្អ​មាំ​មួន​ឡើង​វិញ​។

លោក​វេជ្ជបណ្ឌិត ហួត ចាន់យូដា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​មួយ​ឆ្នាំ​មជ្ឈមណ្ឌល​ទទួល​បាន​របាយការណ៍​អ្នក​ឆ្លង​ជំងឺ​របេង​ប្រមាណ​ជា ៣០ ០០០ នាក់ ក្នុង​នោះ​ប្រហែល ៩៦​% ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ចំណែក​ប៉ុន្មាន​ភាគរយ​ទៀត​ភាគ​ច្រើន​ជា​មនុស្ស​មាន​វ័យ​ចាស់​ជរា ដែល​មិន​អាច​ទ្រាំ​នឹង​ប្រតិកម្ម​ថ្នាំ​ព្យាបាល​របេង​បាន​។

អ្នកស្រី វ៉ាត លីដា បាន​ផ្ដាំផ្ញើ​ទៅ​កាន់​អ្នក​ដែល​មាន​រោគសញ្ញា​សង្ស័យ​ពាក់​ព័ន្ធ​ជំងឺ​របេង ដូច​ជា​ក្អក ឈឺ​ទ្រូង ហើម​កូន​កណ្ដុរ ជា​ដើម​សូម​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព និង​តាម​ដាន​ជា​ប្រចាំ ដើម្បី​បង្ការ​ក្រែង​ឆ្លង​រោគ​របេង ដែល​ត្រូវ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​។ អ្នកស្រី​បន្ថែម​ថា គួរ​ជៀសវាង ឬ​កាត់​បន្ថយ​ការ​ជក់បារី ជា​ពិសេស​បារី​អេឡិចត្រូនិក ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​ឆ្លង​ជំងឺ​របេង​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.