ភ្នំពេញ ៖ តាមផ្លូវក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ចាក់សាបបេតុងលើផ្លូវ ជាច្រើនកន្លែង ជាប្រយោជន៍ផ្ទះខ្លួន បណ្តាលឱ្យទឹកដក់ ជន់លិចផ្លូវ ត្រូវបានអាជ្ញាធរខណ្ឌដាក់គ្រឿងចក្រឈូសឆាយចេញ ដើម្បីបង្ហូរទឹក រំដោះចេញពីផ្លូវ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។

តែបើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងភូមិរបស់គាត់ មានបណ្តាញលូតូចៗ ចាស់យូរឆ្នាំហើយ កកស្ទះ មកដល់បច្ចុប្បន្ននេះទឹកភ្លៀងមកម្តងៗមិនហូរចេញទេ កន្លងមកក្នុងភូមិគាត់ធ្លាប់រងគ្រោះទឹកភ្លៀងជន់លិចចូលដល់ក្នុងផ្ទះ បង្កប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ ទើបពលរដ្ឋមួយចំនួនចាក់បេតុងមកលើផ្លូវគ្រាន់បានដើរ ក៏ប៉ុន្តែទឹកដល់លើផ្លូវដដែល ។

តាមអាជ្ញាធរវិញបានឱ្យដឹងថា ពលរដ្ឋមួយចំនួនចាក់សាបបេតុងលើផ្លូវ បណ្តាលឱ្យទឹកដក់ជន់លិចផ្លូវ ទឹកភ្លៀង លាយលំជាមួយទឹកបង្ហូរចេញពីតាមផ្ទះ ធ្វើឱ្យបរិស្ថានក្នុងមូលដ្ឋានមិនល្អ ។

ពលរដ្ឋបានឱ្យដឹងដែរថា ទោះជាមិនចាក់សាបហៀរមកលើផ្លូវ ទឹកភ្លៀងធ្លាក់មកនៅតែដក់ជន់លិចផ្លូវ ទោះជាមិនចាក់ អាជ្ញាធរគ្រាន់តែកាយចេញ ក៏ទឹកនៅតែមិនហូរ កាលបើប្រឡាយមេ បណ្តាញលូ តូចៗ ចាស់ៗ ពុំមានខាងណាពិនិត្យ ស្តារឡើងវិញផង ជាងនេះទៅទៀត ប្រឡាយមេជាច្រើនកន្លែង ត្រូវបានអ្នកមានលុយ លុបចាក់ជិតសង់ផ្ទះល្វែងអស់ហើយ ទើបភ្លៀងមកម្តងៗតែងតែជន់លិច ព្រោះតែគ្មានផ្លូវទឹកហូរ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.