សៀមរាប ៖ ស្ត្រីម្នាក់កំពុងតែប្រមូលចំបើងនៅវាលស្រែ ស្របពេលដែលមេឃកំពុងភ្លៀងរលឹម ស្រាប់តែរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែង នៅក្នុងភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ចំណែកសត្វគោមួយក្បាលផ្សេងទៀត ត្រូវបានរន្ទះបាញ់ងាប់ នៅភូមិដី ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដូចគ្នា ។

ស្ត្រីរងគ្រោះស្លាប់ដោយគ្រោះធម្មជាតិ មានឈ្មោះ ណុល តុល អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កើតមានគ្រោះធម្មជាតិ រន្ទះបាញ់២ករណីផ្សេងគ្នា មួយករណីបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅស្រុកពួក ខេត្តសៀមរាប និងមួយករណីទៀត បណ្តាលឱ្យសត្វគោងាប់មួយក្បាល នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ករណីរន្ទះបាញ់ស្លាប់ស្ត្រីម្នាក់ខាងលើ ក្រិយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.