ព្រឹត្តិ​ការណ៍ Gumball 3000 នៅ​កម្ពុជា​ ត្រូវ​បាន​រៀប​ចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ​ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិ​ការណ៍​មួយ​នេះ​មាន​ការ​ចូល​រួម​ពី​មហា​សេដ្ឋី អ្នក​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម កីឡាករ និង​តារារ៉េប​ល្បីៗ​។​

អ្នក​រៀប​ចំព្រឹត្តិ​ការណ៍​អះអាង​ថា នេះមិន​មែន​ជា​ព្រឹត្តិការណ៍​ដើម្បី​បង្អួត​រថយន្ត​ទំនើប​ៗ​ពី​សំណាក់​អ្នក​មាន​នៅ​កម្ពុជា​ទេ តែ​វា​ជា​ព្រឹត្តិ​ការណ៍​ដើម្បីជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ការ​រក​មូល​និធិ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ការ​បើក​ឱកាស​ឲ្យអ្នក​វិនិយោគ​បាន​ជួប​គ្នា និង​ជាការ​បង្កើត​កំណត់​ត្រាពិភព​លោក​ហ្គីណេស​ដែល​មាន​ការ​ចត​រថយន្ត​ច្រើន​ជាង​គេ​នៅមុខ​ប្រាសាទ​អង្គរ​វត្ត​។ ​

តើប្រទេសកម្ពុជា ចំណេញអ្វីខ្លះជុំវិញការរៀបចំព្រឹត្តិការណ៍ Gumball3000?

ចម្លើយ៖
– ចរន្តសេដ្ឋកិច្ចជាបណ្តាញ (តម្រូវការដូចជា អាហារ កន្លែងស្នាក់នៅ កន្លែងកម្សាន្តនានា និងសាំងឡាន -ល-)

– ទទួលបានការបរិច្ចាគចូលមន្ទីរពេទ្យកុមារអង្គរ (ក្មេងរាប់ម៉ឺននាក់ឈឺរាល់ថ្ងៃ ហើយត្រូវការ ការព្យាបាល)

– បង្ហាញច្បាស់ៗពីវប្បធម៌ និងតំបន់ទេសចរណ៍របស់ខ្មែរ ជាពិសេសតំបន់ប្រាសាទ

– បង្ហាញទៅពិភពលោកពីសេរីភាព និងសន្តិភាពក្នុងការដើរហើរ ដើម្បីកុំឱ្យប្រទេសជិតខាងបំបាំងយើងពីផែនទី ព្រោះជើងហោះហើរធំៗចុះនៅប្រទេសគេសិន (ចំណុចនេះសំខាន់ក្នុងវិស័យទេសចរណ៍)

– បង្ហាញពីកិច្ចសហការជាមួយកម្មវិធីអន្តរជាតិនានា (លើកក្រោយគេមកទៀត)

– ទាក់ទាញជនល្បីៗដែលមិនដែលបានមកស្គាល់ស្រុកយើង

– គេមកលេង គេមកផ្សព្វផ្សាយ (មនុស្សធម្មតាម្នាក់យ៉ាងហោចក៏មានអ្នកស្គាល់រាប់ពាន់នាក់បន្តដែរ ចុះបុគ្គលល្បី?)

– ទាក់ទាញទេសចររដូវកាល Greeny Angkor

– គេបានស្គាល់ពីអត្តចរិតពិតនៃយើង (ជនជាតិដែលភ្ជាប់នឹងស្នាមញញឹម និងភាពស្មោះត្រង់)

– ចូលរួមវ៉ាជែងជាមួយអន្តរជាតិ ជាមួយធនធាន និងចំណេះដឹង (វិស័យឡាន)

– បំពេញបំណងអ្នកស្រឡាញ់ឡាន

មានចំណុចច្រើនទៀតដែលចំណេញខ្លាំងដល់ប្រទេសយើង សូមចូលរួមគាំទ្រការសហការបង្កើតនូវកម្មវិធីជាតិ និងអន្តរជាតិបន្តបន្ទាប់ទៀត ជារឿងសំខាន់មួយទៀត ប្រតិបត្តិករទេសចរណ៍ត្រូវរកស៊ីឱ្យស្មោះត្រង់ អ្នកជាអ្នកតំណាងស្រុកខ្មែរយើង បើអ្នកមិនត្រង់នឹងភ្ញៀវ យើងនឹងបាត់ឱកាស និងផ្តល់ជាបទពិសោធន៍មិនល្អ គេអាចនឹងមិនមកម្តងទៀត សូមឱ្យគេចេញទៅ ដោយក្តីនឹករលឹក៕

អត្ថបទលោក៖ ក្សេត្រារក្ស អេង បញ្ញាវុទ្ធី


Share.