ក្រុមហ៊ុន Meta (META.O) ដែលជាម្ចាស់កម្មវិធី Facebook បានប្រកាសកាលពីថ្ងៃចន្ទ នេះថា ខ្លួនកំពុងហាមឃាត់បណ្ដាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីមួយចំនួនដូចជា RT, Rossiya Segodnya និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីផ្សេងទៀត ពីវេទិការបស់ខ្លួន ដោយអះអាងថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានប្រើល្បិចបោកប្រាស់នានា ដើម្បីធ្វើប្រតិបត្តិការដ៏មានឥទ្ធិពលលាក់កំបាំងតាមប្រព័ន្ធអ៉ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

ការហាមឃាតដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយវិមានក្រឹមឡាំង បង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិធានការរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី ដូចជា ការផ្អាកការផ្សាយពាណិជ្ជកម្ម និងកាត់បន្ថយការឈានដល់ការបង្ហោះព័ត៌មានផ្សេងៗ របស់ពួកគេ។

ក្រុមហ៊ុន Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា «បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ យើង បានពង្រីកការអនុវត្តប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ដូចជា Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ហើយឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ត្រូវបានហាមឃាត់ពីកម្មវិធីរបស់យើងជាសកល ដោយសារតែរកឃើញថាមានសកម្មភាពជ្រៀតជ្រែកពីបរទេស»។

ក្រោយរងការចោទប្រកាន់ពីក្រុមហ៊ុន Meta អ្នកអានព័ត៌មានរបស់ RT លោក Eunan O’Neill បាននិយាយថា «ប្រទេសរុស្ស៊ី ទាំងមូលបដិសេធចំពោះការចោទប្រកាន់នេះ ជាពិសេសប្រឆាំងនឹងប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត»។

ដោយឡែកការហាមឃាត់នេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាស្ថានទូតរុស្ស៊ី នៅទីក្រុងវ៉ាស៊ីនតោន និងម្ចាស់ទីភ្នាក់ងារសារព័ត៌មាន Sputnik លោក Rossiya Segodnya មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ BBC នោះទេ។
យ៉ាងណាម៉ិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបាគេមើលឃើញថាស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីប្រទេសលោកខាងលិច។ ជាពិសេសពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Meta ម្ចាស់ Facebook, Instagram, WhatsApp និង Threads ជាដើម៕

