ត្បូងឃ្មុំ៖ ឯកឧត្តម គន់ រត្នមុនី អភិបាលរងខេត្តបញ្ជាក់ថា ចំពោះដំណាំកៅស៊ូខេត្តត្បូងឃ្មុំ មានប្រវត្តិនៃការដាំកៅស៊ូចំណាស់ជាងគេ មានផ្ទៃដីដាំដុះច្រើនជាងគេក្នុងព្រះរាជាណា ចក្រកម្ពុជា។ បច្ចុប្បន្នដំណាំកៅស៊ូបាននិងកំពុងផ្តល់ជាប្រាក់ចំណូលដល់ប្រជាពលរដ្ឋដាំដុះកៅស៊ូជាង ៦ម៉ឺន គ្រួសារ លើផ្ទៃដីដាំដុះប្រមាណជាង ៥ម៉ឺនហិកតា។ ក្រៅពីនេះ ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនចម្ការកៅស៊ូរដ្ឋដែលវិនិយោគ ឲ្យវិស័យឯកជនចំនួន៤ទីតាំង មានផ្ទៃដីជាង៣ម៉ឺនហិកតា។


ជារៀងរាល់ឆ្នាំកៅស៊ូទូទាំងខេត្ត បានផ្តល់បរិមាណ ផលជាជ័រកកក្នុងចានប្រមាណ ១៦២ ០០០តោន ។ ថ្លែងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សហគមន៍ចំនួន៤ក្នុងខេត្តត្បូងឃ្មុំ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការទិញ លក់ជ័រកៅស៊ូបង្កកក្នុងចាន រវាងសហគមន៍កសិកម្មក្រុមផលិតកៅស៊ូ ។ នៅសណ្ឋាគារ ភីអេនធី ផាលេស ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម គន់ រត្នមុនី ក៏សូមស្នើដល់ក្រុមផលិតកៅស៊ូ ត្រូវរៀបចំខ្លួនឲ្យក្លាយជាសហគមន៍កសិកម្មតែម្តងក្នុងគោលបំណងឲ្យដំណើរការអនុវត្តកិច្ចសន្យានេះ ប្រព្រឹត្តទៅដោយរលូននិងជំរុញឲ្យទម្រង់ធុរកិច្ច ផលិតកម្ម កសិកម្មតាមកិច្ចសន្យាកាន់តែផុលផុស ឯកឧត្តម ផ្តល់នូវអនុសាសន៍តម្រង់ទិសមួយចំនួនដូចខាងក្រោម ១-សូមឲ្យភាគីទាំងពីរ អនុវត្តព្រមគ្នាឲ្យត្រឹមត្រូវតាមខ្លឹមសារនៃកិច្ចសន្យានេះ។

រដ្ឋបាលស្រុក មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ត្រូវតាមដាននិងតម្រង់ទិសជាប្រចាំក្នុងការអនុវត្តជាក់ស្តែងនិងដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា ២-រដ្ឋបាលស្រុក និងមន្ទីរកសិកម្មខេត្ត ត្រូវសហការគ្នាពង្រឹងសហគមន៍កសិកម្មដែល មានស្រាប់ឲ្យបានយល់ពីផលិតកម្មកសិកម្មតាមកិច្ចសន្យានិងជំរុញការអនុវត្តទម្រង់ធុរកិច្ចនេះឲ្យបានផុលផុស ៣-រដ្ឋបាលស្រុក ត្រូវក្តាប់ឲ្យបាននូវទិន្នន័យផលិតកម្មកសិកម្មសក្តានុពលក្នុងស្រុក ហើយសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចងក្រងជាសហគមន៍កសិកម្មទំនើប ស្របតាមកម្មវិធីគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីឲ្យសហគមន៍ ប្រជាកសិករ មានឱកាសក្នុងការទទួលបានហិរញ្ញប្បទានអត្រាការប្រាក់សមរម្យ ដែលនឹងនាំឲ្យកសិករទទួលបានចំណូលកាន់តែច្រើន ៤-មន្ទីរពាណិជ្ជកម្ម ត្រូវផ្សព្វផ្សាយពីផលិតផលកសិកម្មសក្តានុពលនិងកៀរគវិស័យឯកជនមកវិនិយោគ កែច្នៃនិងទិញកសិផលរបស់សហគមន៍តាមទម្រង់ផលិតកម្មកសិកម្មតាមកិច្ចសន្យាឲ្យបានច្រើន និង ៥-សូមអង្គការអុកហ្វាមជីប៊ី តាមរយៈសមាគមបណ្តាញកសិករនិងបណ្តាញធម្មជាតិ បន្តជួយសម្របសម្រួល ការអនុវត្តកិច្ចសន្យានេះឲ្យបានជោគជ័យ ហើយបន្តផ្សព្វផ្សាយពីគោលគំនិតនៃផលិតកម្មកសិកម្មតាម កិច្ចសន្យា ដល់មូលដ្ឋានផលិតកម្មកសិកម្មផ្សេងៗទៀត សំដៅឲ្យមានការចូលរួមកាន់តែផុលផុសនិងទំហំកិច្ចសន្យាកាន់តែធំ ។

គូសបញ្ជាក់ថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការទិញ លក់ជ័រកៅស៊ូបង្កកក្នុងចាន រវាងសហគមន៍កសិកម្មក្រុមផលិតកៅស៊ូ និង អាជីវករប្រមូលទិញកៅស៊ូ នាឱកាសនោះ មានសហគមន៍ចំនួន៤ រួមមាន ៖ ១.សហគមន៍កសិកម្មអភិរក្សពញាក្រែកតំបែរ ២.សហគមន៍កសិកម្មដូនមាសមានជ័យ ៣.ក្រុមផលិតកៅស៊ូភូមិកំប្រឹស និង៤.ក្រុមផលិតកៅស៊ូភូមិឈូកស ៕
អត្ថបទ៖ អាចារ្យលាក់

