បាត់ដំបង៖ ប្លែកមែនជនសង្ស័យពីរនាក់ ជិះម៉ូតូស្ពាយមាន់ជល់ឆក់ទូរស័ព្ទស្ត្រីម្នាក់បានសម្រេចចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងពីរ។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ត្រង់ចំណុចខ្នងទំនប់អាងទឹកកំពីងពួយ ក្នុងក្រុមទី ១៧ ក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទស្ត្រីម្នាក់បានសម្រេច។ ដែលការស្ទាក់ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅត្រង់ចំណុចភូមិទួលក្រសាំង ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

ចំពោះមុខកម្លាំងផ្នែកនគរបាលស្រុកកំពុងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅកាន់ការិយាល័យជំនាញស្នងការនគរបាលខេត្តដើម្បីអនុវត្តតាមនីតិវិធី។

ជនសង្ស័យឈ្មោះរស់ ភាស់ ភេទប្រុស អាយុ ៣៥ឆ្នាំ និងទី២ឈ្មោះធឿន សុធា ភេទប្រុស អាយុ ២៨ឆ្នាំ ទាំងពីរនាក់មានទីលំនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង នៅថ្ងៃកើតហេតុបានជិះម៉ូតូស្ពាយមាន់ជល់ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងរបស់ជនរងគ្រោះដែលមានឈ្មោះហ៊ុន ភីម ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅក្បែរភូមិ ឃុំ កើតហេតុខាងលើ ៕

អត្ថបទ: ដំបងក្រញូង

Share.