កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្លន់ម៉ូតូមួយគ្រឿង កាលពីថ្ងែទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣:៣០នាទី នៅផ្លូវបេតុងមុខឡឥដ្ឋស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ទឹម សុខលាប ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅសព្វថ្ងៃភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។សម្ភារៈបាត់បង់រួមមាន ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពង់ចាម 1V-4508 ។ ចំណែកជនសង្ស័យមានឈ្មោះ ស្រុង ស្រាយ ហៅតឺ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជាមុខសញ្ញាចេញពីពន្ធនាគារខេត្តកណ្ដាលកាល ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ពីបទអំពើលួច ជនសង្ស័យបានធ្វើតេស្តស្វែងរកសារធាតុមានលទ្ធផល វិជ្ជមាន (+)។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះនិងមិត្តភក្តិបាននាំគ្នាជិះម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពង់ចាម 1V-4508 ចេញពីផ្ទះនៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គោលបំណងដើម្បីមកទិញថ្នាំញៀន ពេលមកដល់ឡឥដ្ឋរបស់ឈ្មោះ គីម តាយ ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ឈ្មោះ ឈឿង ដាលិ និងឈ្មោះ ស្រៀង ហេងស្រៀ បានដើរចូលទៅក្នុងឡឥដ្ឋ ដើម្បីទៅរកទិញថ្នាំញៀន ចំណែកជនរងគ្រោះបានអង្គុយចាំម៉ូតូនៅលើផ្លូវបេតុងមុខឡឥដ្ឋ ក្នុងពេលនោះជនសង្ស័យឈ្មោះ ស្រុង ស្រាយ ហៅតឺ បានដើរចេញពីក្នុងឡឥដ្ឋរបស់ឈ្មោះ គីម តាយ មកសួរជនរងគ្រោះថា (បងឯងទៅណា អង្គុយចាំណាគេ) ជនរងគ្រោះបានឆ្លើយថា (អង្គុយចាំបង) ក្រោយពីសួររួចជនសង្ស័យឈ្មោះ ស្រុង ស្រាយ ហៅតឺ បានលូកយកសោម៉ូតូដែលជាប់នៅម៉ូតូរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានឆក់យកសោម៉ូតូពីជនសង្ស័យវិញ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពវាយជនរងគ្រោះ ០១កែងចំទ្រូង ហើយជនរងគ្រោះក៏បានរត់ចេញពីម៉ូតូ ចំណែកជនសង្ស័យក៏បានឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់។

បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។ ក្រោយពីទទួលពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការសួរនាំស្រាវជ្រាវ ហើយក៏កំណត់មុខសញ្ញាបាន។ រហូតដល់ថ្ងៃទី១៧.០៩.២០២៤ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។
-នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ នៅថ្ងៃទី១៦.០៩.២០២៤ វេលាម៉ោង១៣:៣០នាទី ខ្លួនពិតជាបានធ្វើសកម្មភាពវាយយកម៉ូតូរបស់ជនរងគ្រោះ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពង់ចាម 1V-4508 ពិតប្រាកដមែន។

ក្រោយពីធ្វើសកម្មភាពខ្លួនបានជិះម៉ូតូរបស់ជនរងគ្រោះទៅជួបឈ្មោះ យ៉ា ភេទប្រុស នៅរោងឈូក ក្រោយវត្តចំបក់មាស ដើម្បីឱ្យជួយយកម៉ូតូដែលខ្លួនធ្វើសកម្មភាពបាននោះទៅលក់បន្ត ហើយពេលនោះឈ្មោះ យ៉ា ក៏បានឱ្យប្រាក់ទៅជនសង្ស័យចំនួន ១៥ម៉ឺនរៀលសិន ដោយប្រាប់ថា ចាំពេលលក់ម៉ូតូបានចាំយកលុយបន្ថែមទៀត។ ហើយឈ្មោះ យ៉ា ក៏បានជិះម៉ូតូចេញទៅ ចំណែកជនសង្ស័យ បានអង្គុយចាំឈ្មោះ យ៉ា នៅរោងឈូកខាងលើ រហូតដល់វេលាម៉ោង ២៣:០០នាទី មិនឃើញឈ្មោះ យ៉ា ត្រឡប់មកវិញ ជនសង្ស័យបានទៅដេកនៅក្នុងផ្ទះឈើដែលគេទុកចោល នៅម្តុំឡឥដ្ឋដំបូលខៀវ (ចន្លោះស្ពានលេខ12.13 ក្នុងសង្កាត់បាក់ខែង) ។ ចំពោះលុយដែលលក់ម៉ូតូបានជនសង្ស័យបានទិញថ្នាំញៀន ចំនួន០៣កញ្ចប់ អស់លុយចំនួន៩០,០០០រៀល ដើម្បីយកមកប្រើប្រាស់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.