តូក្យូ៖ មន្ត្រីបក្សកាន់អំណាចបាននិយាយនាថ្ងៃពុធ នេះថា ប្រទេសជប៉ុននឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីជាផ្លូវការដោយសភានាថ្ងៃទី១ ខែតុលា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

ការស្ទង់មតិបង្ហាញថា បេក្ខជនលេចធ្លោជួរមុខចំនួន ៣រូប ក្នុងចំណោមបេក្ខជនទាំង ៩រូប ដើម្បីស្នងតំណែងពីលោកនាយករដ្ឋមន្រ្តី Fumio Kishida ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP)។

ការស្ទង់មតិដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុនផ្សេងៗគ្នា បានធ្វើឱ្យបេក្ខជនឈ្មោះ Takaichi, Ishiba និងលោក Koizumi នាំមុខគេ បើទោះបីជាមិនទាន់ដឹងថាក្នុងចំណោមពួកគេ តើនរណានឹងជាអ្នកឈ្នះនៅនាទីចុងក្រោយក៏ដោយ។

លោក Koizumi អាយុ ៤៣ឆ្នាំ ជាកូនប្រុសរបស់អតីតលោកនាយករដ្ឋមន្រ្តី Junichiro Koizumi នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​ជប៉ុន ខណៈ​ដែលលោកស្រី Takaichi ជា​អ្នក​ជាតិ​និយម​ដែល​មាន​ប្រជាប្រិយភាព​ជាមួយ​នឹង​បក្ស​អភិរក្ស​និយម LDP នឹង​ក្លាយ​ជា​មេដឹកនាំ​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស។

សូមជម្រាបថា កាលពីខែសីហា កន្លងទៅ លោក Fumio Kishida បាននិយាយថា លោកនឹងចុះចេញពីតំណែងនៅខែកញ្ញា ក្រោយទទួលការមិនពេញចិត្តជាសាធារណៈ ជុំវិញរឿងអាស្រូវនយោបាយ និងការកើនឡើងជីវភាពតម្លៃរស់នៅ ដែលធ្វើឲ្យលោកត្រូវចុះចេញ និងបង្កឱ្យមានការប្រកួតប្រជែងដើម្បីជំនួសតំណែងលោក៕

ប្រភព៖ CNA

Share.