ត្បូងឃ្មុំ៖ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត បានថ្លែងថា ច្រើនឆ្នាំមកនេះ ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ ឈានឆ្ពោះទៅរកការលុបបំបាត់ករណីជំងឺគ្រុនចាញ់ ស្របតាមទិសដៅលុបបំបាត់ជំងឺ ក្នុងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឡើងនៅសាលប្រជុំតូចមន្ទីរសុខាភិបាលខេត្ត ។

ឯកឧត្តមវេជ្ជ កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្តត្បូងឃ្មុំ ក្នុងរយៈ៩ខែចុងឆ្នាំ២០២៤នេះ មានការថយចុះជាខ្លាំង បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំកន្លងមក។ ហើយនេះបង្ហាញពីជោគជ័យមួយកម្រិតទៀត ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមទិសដៅដែលបានកំណត់ ។ នៅទូទាំងខេត្តត្បូងឃ្មុំ ក្នុងអំឡុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤នេះ សង្កេតឃើញថា មានអត្រាអ្នកកើតជំងឺគ្រុនចាញ់ មានតែ៥ករណីតែប៉ុណ្ណោះ បើធៀបក្នុងឆ្នាំ២០២៣ មានចំនួន២៥ករណី ។

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់បានថ្លែងថា តាមរយៈលទ្ធផលដែលបានបង្ហាញ ដោយមន្ត្រីជំនាញពីបញ្ហាគ្រុនចាញ់នេះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យទទួលបានជោគជ័យទៅតាមផែនការ ដែលបានដាក់ចេញ។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២៥ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំបន្តបន្ទាប់ទៀត ។ ការលុបបំបាត់ ទាមទារឲ្យមានការរៀបចំមានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ត្រូវមាន ការសម្របសម្រួលរវាងមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹង ដៃគូអភិវឌ្ឍន៍នានា ។

ទន្ទឹមនេះ លោកជំទាវ អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរដែនដី ជួយធ្វើក្នុងការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់ និងត្រូវធ្វើបច្ចុប្បន្នភាព សកម្មភាព អន្តរាគមន៍នានា ដូចជាកាចែកមុង,បាញ់ថ្នាំសម្លាប់មូស និងការអប់រំពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានទូទាំងខេត្ត ៕

អត្ថបទ៖អាចារ្យលាក់

