ទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋាភិបាលបាននិយាយថា ព្យុះត្រូពិកមួយត្រូវបានគេព្យាករថា នឹងបោកបក់ដល់ដីនៅភាគកណ្តាលប្រទេសវៀតណាម នៅល្ងាចថ្ងៃព្រហស្បតិ៍ នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កជាទឹកជំនន់ដ៏គ្រោះថ្នាក់ ភ្លាមៗ បន្ទាប់ពីតំបន់ភាគខាងជើង ត្រូវបានវាយប្រហារដោយព្យុះទីហ្វុង Yagi ដ៏ខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍មួយថា ព្យុះ ដែលវៀតណាមឱ្យឈ្មោះថា ព្យុះលេខ៤ (Storm No.4) ត្រូវបានគេព្យាករថានឹងវាយបក់លើតំបន់ឆ្នេរពីខេត្ត ក័ងទ្រី (Quang Tri) ទៅកាន់ខេត្ត ក័ងណាម (Quang Nam) នៅពេលល្ងាច ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ១០២គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះ No.4 អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាមួយកម្រិតទឹកភ្លៀងចន្លោះពី ១០០ ទៅ ៣០០មីលីម៉ែត្រ ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសុក្រ សប្ដាហ៍នេះ នៅភាគខាងកណ្ដាលវៀតណាម ក្នុងនោះរួមមានទាំងតំបន់ទេសចរណ៍ Danang ផងដែរ។

សូមជម្រាបថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននិងកំពុងរងគ្រោះពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងក្លាបំផុតវាយប្រហារអាស៊ីក្នុងឆ្នាំនេះ ដែលបានបោកបក់ដល់ដីនៅភាគខាងជើងវៀតណាមកាលពីជិតពីរសប្តាហ៍មុន និងបានសម្លាប់មនុស្សជិត ៣០០នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិប្រហែល ១,៦ពាន់លានដុល្លារ៕

ប្រភព៖ Reuters

Share.