កីឡាករ​ Micah Burton កូនកាត់ខ្មែរ-អាមេរិក បង្ហាញខ្លួនឱ្យក្លិប Austin FC សមាជិកលីគទី៣ អាមេរិក MLS Next Pro បានចំនួន ២៤ប្រកួត ពោលគឺស្មើនឹង ១,៨៤៩នាទី ស៊ុតបញ្ចូលទីសរុប៥គ្រាប់ និង Assists ១លើក ទទួលបានកាតលឿង២សន្លឹក។

បច្ចុប្បន្ន Micah Burton មានវ័យ១៨ឆ្នាំជាយុវជនថ្នាលរបស់ក្រុមបាល់ទាត់ Austin FC តាំងពីឆ្នាំ ២០២០ ពោលតាំងពីវ័យ ១៤ឆ្នាំមកម្ល៉េះ ក្រោយមកនៅឆ្នាំ ២០២៣ រូបគេក៏ត្រូវបានដំឡើងទៅឈុត Austin FC II ដើម្បីប្រកួតប្រជែងនៅ MLS Next Pro លីគលំដាប់ទី៣អាមេរិក។

នៅឆ្នាំ ២០២៤ Micah Burton បានចុះកុងត្រារយ:ពេល៤ឆ្នាំ ជាមួយក្រុមបាល់ទាត់ Austin FC ឈុតធំ នៅលីគកំពូលអាមេរិក Major League Soccer។ ប៉ុន្តែដោយសាររូបគេនៅក្មេងពេក ទើបថ្នាក់ដឹកនាំសម្រេចផ្ទេរ Burton ទៅកាន់ឈុត Austin FC II លីគលំដាប់ទី៣អាមេរិក ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម។

ក្រុមបាល់ទាត់ Austin FC II ក្រោមការដឹកនាំរបស់ Brett Uttley ឆ្លងកាត់ ២៥ប្រកួត​ ឈ្នះ៧ ស្មើ១០ និងចាញ់៨ មាន៣៤ពិន្ទុ ឈរលេខ១០ លីគលំដាប់ទី៣អាមេរិក ខណ:ថ្ងៃទី២៣ ខែកញ្ញា ខាងមុននឹងត្រូវជួប North Texas។

គួរដឹងថាកីឡាករ Micah Burton មានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក កើតនៅរដ្ឋ Minnesota ភាគខាងលិចនៃសហរដ្ឋអាមេរិក។ ហើយកាលពីពេលថ្មីៗនេះ រូបគេក៏បានជាប់ជម្រើសជាតិសហរដ្ឋអាមេរិកអាយុក្រោម១៧ឆ្នាំ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup U-17 នៅប្រទេសឥណ្ឌូណេស៊ី ផងដែរ៕

Share.