ភ្ញៀវទេសចរ ២នាក់មកពីប្រទេសចិន បានស្លាប់បន្ទាប់ពីដើមឈើមួយដើម បានបាក់សង្កត់ពីលើរថយន្តរបស់ពួកគេ នៅស្រុកមួយក្នុងទីក្រុង Penang ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ សប្ដាហ៍នេះ។ នេះបើយោងតាមការេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកទាំង២ ជាឪពុក និងកូនស្រី ទើបតែមកពីកម្សាន្ដនៅសារមន្ទីរ Pinang Peranakan ក្នុងទីក្រុង George Town នៅពេលដែលឧបទ្ទវហេតុបានកើតឡើងនៅម៉ោងប្រហែល ២និង១៥នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា (ម៉ោងក្នុងស្រុក)។

លោក Mohammad Syafiq Noor Azman អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ ទីក្រុង Penang បានប្រាប់ភ្នាក់ងារព័ត៌មានថា អ្នកស្លាប់គឺជាស្ត្រីអាយុ ៣០ឆ្នាំ និងបុរសម្នាក់ទៀត អាយុ ៥០ឆ្នាំ។

អាជ្ញាធរ​បាន​ចំណាយ​ពេល​ប្រហែល ៣ម៉ោង​ដើម្បី​ធ្វើ​កោសល្យវិច័យ​សាកសព​ជនរងគ្រោះ​ទាំង២នាក់នោះ ដោយតាមរយៈវីដេអូសុវត្ថិភាពបង្ហាញថា ដើមឈើមួយដើមបានបាក់សង្កត់ពីលើរថយន្ដពួកគេភ្លាមៗ ដោយស្រ្តីជាកូន អង្គុយកៅអីអ្នកដំណើរខាងមុខ ហើយឪពុកអង្គុយនៅកៅអីខាងក្រោយ​។

កាលពីព្រឹកថ្ងៃពុធ សប្ដាហ៍នេះ អភិបាលក្រុងកោះ Penang លោក Rajendran Anthony បានប្រកាសពីគម្រោងកាប់ដើមឈើចំនួន ៥៤ដើមនៅលើកោះ ដែលប្រឈមនឹងហានិភ័យការប្រែប្រួលអាកាសធាតុ។ ប្រតិបត្តិការកាប់ដើមឈើនេះ គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលខែតុលា ខាងមុខ៕

ប្រភព៖ CNA

Share.