កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៤៥នាទី នៅចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ម៉ៅ គីមហួត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូ មានទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណេកជនសង្ស័យមានឈ្មោះ សៀន បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។ ជនសង្ស័យមានសារធាតុញៀននូវក្នុងទឹកនោម។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ កំពុងរៀបចំដបសាំងដាក់លក់នៅមុខផ្ទះ ខណៈពេលនោះ ស្រាប់តែមានជនសង្ស័យឈ្មោះ សៀន បញ្ញា បានដើរមកសុំខ្ចីទូរសព្ទពីជនរងគ្រោះ ដើម្បីតេទៅមីង ដោយឃើញថាអាណិត ជនរងគ្រោះក៏បានហុចទូរសព្ទឱ្យទៅជនសង្ស័យ ដើម្បីតេទៅរកមីងរបស់គេ ពេលនោះស្រាប់តែជនសង្ស័យ បានយកទូរសព្ទរបស់ជនរងគ្រោះនោះរត់ចេញទៅ ភ្លាមនោះជនរងគ្រោះបានស្រែកហៅឱ្យគេជួយ ស្របពេលនោះក៏មានប្រជាពលរដ្ឋនៅជិតខាងនោះ បាននាំគ្នារត់ដេញចាប់ឃាត់ខ្លួនជនសង្ស័យ បន្ទាប់មកជនរងគ្រោះ បានតេទៅប្ដឹងនគរបាលប៉ុស្តិ៍ពញាឮ ចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា នៅពេលកើតហេតុរូបខ្លួនបានជិះម៉ូតូមិនស្គាល់ម៉ាក ឌុបគ្នាជាមួយ ឈ្មោះ ធី ភេទប្រុស និងឈ្មោះ កែវ ភេទប្រុស មានទីលំនៅមិនស្គាល់ តាមផ្លូវជាតិលេខ៥ មកឈប់នៅជិតកន្លែងលក់ដូររបស់ជនរងគ្រោះ បន្ទាប់មករូបខ្លួន បានដើរ មកខ្ចីទូរសព្ទរបស់ជនរងគ្រោះ ក្នុងចេតនាលួចយកទូរសព្ទរបស់ជនរងគ្រោះប្រាកដមែន ដើម្បីយកទៅលក់បានលុយទិញថ្នាំញៀនប្រើប្រាស់ជាមួយឈ្មោះ ធី និងឈ្មោះ កែវ។ កន្លងមកជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពលួចទូរសព្ទរបស់គេ បាន ០១គ្រឿង ម៉ាក OPPO នៅខេត្តរតនគីរី។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.