នៅក្នុងឱកាសចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីផ្សាយលើឆាណែលយូធូប Zzanbro របស់ Shin Dong Yup តារាសម្ដែងខ្ពស់ស្រឡះ Kim Woo Bin បានចែករំលែកការចងចាំដ៏សែនឈឺចាប់របស់ខ្លួន ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ រហូតអាចយកឈ្នះ ហើយអាចវិលមកសម្ដែងនិងប្រឡូកក្នុងវិស័យសិល្បៈវិញបាន។
តាមចាំ កាលពីឆ្នាំ២០១៧ តារាសម្ដែងរូបនេះបានរកឃើញថាខ្លួនកើតមានជំងឺមហារីកច្រមុះ ដោយចាប់ពីពេលនោះលោកបានសម្ងំព្យាបាល ទាល់តែបានជាជះស្បើយនៅឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២២ លោកបានវិលត្រលប់មកកាន់វិថីសិល្បៈសម្ដែងឡើងវិញ។

រំលឹកពីអតីតកាលរបស់ខ្លួន Kim Woo Bin បានឱ្យដឹងថា៖ «បងប្រុសមានដឹងទេ ខ្ញុំគឺជាមនុស្សវិជ្ជមានម្នាក់ ខ្ញុំព្យាយាមមើលអ្វីៗគ្រប់យ៉ាងក្នុងភាពវិជ្ជមានជានិច្ច។ ហើយនៅពេលគ្រូពេទ្យប្រាប់ដំណឹងនេះមកខ្ញុំ គឺដូចនៅក្នុងរឿងភាគកូរ៉េដូច្នោះដែរ គេនិយាយថាបើក្នុងករណីអាក្រក់បំផុត ខ្ញុំមានពេលរស់ត្រឹមតែ ៦ខែទៀតប៉ុណ្ណោះ។ ខ្ញុំស្លុត និងភ័យខ្លាចណាស់ ពេលឮពាក្យអស់ទាំងនោះពីដំបូង។ ខ្ញុំបន់ចង់ឱ្យអ្វីដែលខ្ញុំបានឮគ្រាន់តែជាសុបិន។ ប៉ុន្តែគ្មានម្ដងណាឡើយដែលខ្ញុំធ្លាប់គិតថា ខ្ញុំមិនអាចតស៊ូជម្នះលើវាបាន ផ្ទុយទៅវិញខ្ញុំគិតថា វាគឺជាឱកាសមួយ។»

បុរសវ័យ៣៥ឆ្នាំរូបនេះ បានបន្តទៀតថា៖ «និយាយមែន ភ្លាមៗខ្ញុំអត់ដែលបានគិតថាជាឱកាសនោះទេ តែពេលដែលខ្ញុំចាប់ផ្ដើមផ្ដោតលើការព្យាបាល និងថែទាំងខ្លួន ខ្ញុំចាប់ផ្ដើមស៊ាំនឹងទម្លាប់ជាមួយនឹងជំងឺនេះ។ រយៈពេលជាង១០ឆ្នាំដែលខ្ញុំប្រឡូកក្នុងសិល្បៈ ខ្ញុំរវល់ខ្លាំង រហូតដល់ថ្នាក់គ្មានពេលសំរាកមួយពិតប្រាកដ ដូច្នេះខ្ញុំគិតថា ប្រហែលនេះគឺជាចេតនាឋានសួគ៌ដែលខ្ញុំផ្ដល់ឱកាសមួយនេះឱ្យខ្ញុំ បានចំណាយពេលវេលាជាមួយនឹងគ្រួសារ។ ខ្ញុំបានចំណាយពេលជាច្រើននៅជាមួយមនុស្សដែលខ្ញុំស្រលាញ់ ការព្យាបាលពិតជាលំបាកណាស់ ប៉ុន្តែមិនមែនតែខ្ញុំទេ គឺសម្រាប់គ្រប់ៗគ្នា។ ខ្ញុំទទួលបានការគាំទ្រ និងកម្លាំងចិត្តពីមនុស្សជាច្រើនពីព្រោះពួកគេស្គាល់ខ្ញុំ។ មានពាក្យជូនពរជាច្រើន ដែលខ្ញុំជឿជាក់បានក្លាយជាកម្លាំងឱ្យខ្ញុំឈ្នះមហារីក។ ការព្យាបានខ្ញុំមានការប្រែប្រួលល្អពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀ ដែលសូម្បីតែគ្រូពេទ្យ ក៏មានការភ្ញាក់ផ្អើល។ ខ្ញុំអាចជាសះស្បើយលឿនបែបនេះ ត្រូវអរគុណចំពោះពាក្យជូនពរ និងបួងសួងរបស់អ្នកគាំទ្រ។»

ជាចុងក្រោយនៅក្នុងបទសម្ភាសន៍មួយនោះ Kim Woo Bin ៖ «ខ្ញុំតែងតែគិតដល់ពាក្យលើកទឹកចិត្តដែលខ្ញុំបានទទួល ហើយខ្ញុំចង់យកពាក្យលើកទឹកចិត្តនេះទៅដល់មនុស្សកាន់តែច្រើន។ ដូច្នេះមុនពេលចូលគេង ខ្ញុំតែងតែបន់ស្រន់សូមឱ្យគ្រួសារជាច្រើនទទួលបានអភិនិហារដូចជារូបខ្ញុំ…ខ្ញុំតែងតែចងចាំអ្វីដែលខ្ញុំបានទទួល និងចង់ផ្ដល់ឱ្យទៅអ្នកផ្សេងវិញ។»

