បាលីទីម័រ៖ ក្រសួងយុត្តិធម៌អាមេរិកបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃពុធ សប្ដាហ៍នេះ ទាមទារសំណងទឹកប្រាក់ជាង ១០០លានដុល្លារពី ម្ចាស់កប៉ាល់ដឹកទំនិញសិង្ហបុរី ដែលបានបើកបុកស្ពាន Francis Scott Key ក្នុងទីក្រុង ​Baltimore នៃរដ្ឋ Maryland បណ្តាលឲ្យកំពង់ផែដ៏ធំបំផុតមួយរបស់អាមេរិក ត្រូវបិទរាប់ខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

កប៉ាល់ដឹកកុងតឺន័រ M/V Dali ប្រវែង ៣០០ម៉ែត្រ បានបុកជាមួយស្ពាន Francis Scott Key កាលពីថ្ងៃទី២៦ ខែមីនា ដោយបានសម្លាប់កម្មករធ្វើផ្លូវ ៦នាក់ និងបានបិទច្រកកំពង់ផែដឹកជញ្ជូនមមាញឹកមួយនេះ។

ទន្ទឹមនោះ យុត្តិធម៌លោក Merrick Garland អះអាងថា បន្ទុកទាំងអស់ត្រូវតែចំណាយដោយក្រុមហ៊ុនកប៉ាល់ មិនមែនចេញថ្លៃដោយអ្នកបង់ពន្ធអាមេរិកទេ ហើយប្រាក់​សំណង​នឹង​ត្រូវ​ចំណាយ​លើ​ការ​សាង​សង់​ឡើង​វិញទាំងអស់។

ចំណែកមេធាវីម្នាក់ទៀតឈ្មោះ Brian Boynton បានគូសបញ្ជាក់ថា តាមពិតនេះគឺជាគ្រោះមហន្តរាយដែលអាចបញ្ចៀសបាន ហើយកំហុសគ្រប់យ៉ាងគឺបណ្តាលមកពីម្ចាស់កប៉ាល់ ដូច្នេះពួកគេត្រូវទទួលខុសត្រូវ។

ក្នុងពាក្យបណ្តឹងនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ថា ខ្លួនបានចំណាយប្រាក់អស់ជាង ១០០លានដុល្លារទៅហើយ ដើម្បីបោសសម្អាតគ្រឿងដែក និងសំណល់ផ្សេងៗប្រហែលពី ៣,០០០ទៅ ៤,០០០តោន ក្រោយហេតុការណ៍កប៉ាល់បុកស្ពាន និងការបើកកំពង់ផែ Baltimore ឡើងវិញនោះ៕

ប្រភព៖ CNA

Share.