ចាប់​ពី​ខែ​មករា ឆ្នាំ ២០២៥ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប បាន​ដំឡើង​ពី ២០៤ ទៅ ២០៦ ដុល្លារ ខណៈ​រាជរដ្ឋាភិបាល​សម្រេច​បន្ថែម ២​ដុល្លារ​ទៀត ដូច្នេះ​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​របស់​កម្មករ​និយោជិត ក្នុង​វិស័យ​កាត់​ដេរ​សរុប មាន​ចំនួន ២០៨ ដុល្លារ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ទៀត​នៅ​ឡើយ​។

ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ជា​សម្ងាត់ នា​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៤ ដើម្បី​គាំទ្រ​តួ​លេខ​នីមួយៗ ដោយ​ទទួល​បាន​លទ្ធផល ៤៦ លើ​៥១​សំឡេង គាំ​លើ​តួ​លេខ ២០៦ ដុល្លារ​, ១​សំឡេង​គាំទ្រ​តួលេខ ២០៨ ដុល្លារ និង​៤សំឡេង​គាំទ្រ​លើ​តួលេខ ២១៤ ដុល្លារ​។

សូម​រំលេច​ផង​ដែរ​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ជា​យន្តការ​ត្រីភាគី ដែល​មាន​សមាជិក​ជា​តំណាង​កម្មករ​និយោជិត​ចំនួន ១៧ រូប​, តំណាង​ភាគី​និយោជក (​ថៅកែ​) ចំនួន ១៧ រូប និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន ១៧ រូប ហើយ​បាន​បើក​កិច្ច​ប្រជុំ​ចំនួន ១៥ លើក ក្នុង​នោះ ៥ លើក​ជា​កិច្ច​ប្រជុំ​ត្រីភាគី ដែល​ដំណើរការ​ចាប់​តាំង​ពី ថ្ងៃ​ទី ១៤ ខែ​សីហា ដល់​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៤ ។

ទន្ទឹម​នឹង​ប្រាក់​ឈ្នួល​គោល​ដែល​ដំឡើង​កម្រិត​អប្បបរមា​ពី ២០៤ ទៅ ២០៨ ដុល្លារ ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​កន្លង​មក ត្រូវ​បាន​រក្សា​ទុក​នៅ​ដដែល ដូច​ជា ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ចំនួន ៧​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​, ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​, ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួន ២ ០០០​រៀល ក្នុង​មួយ​ថ្ងៃ ឬ​ការ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥត​គិត​ថ្លៃ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចំនួន​ពី ២​ដុល្លារ​អាមេរិក ដល់ ១១​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ខែ សម្រាប់​កម្មករ និយោជិត ដែល​បាន​ធ្វើ​ការ​ចាប់​ពី​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​១១​។

ដូច្នេះ ជា​មធ្យម​កម្មករ​និយោជិត​ម្នាក់ៗ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាង​តិច​ចំនួន​ពី ២២៥ ដុល្លារ​អាម៉េរិក ដល់ ២៣៦ ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.