ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេចហើយ គេចមិនរួច សមត្ថកិច្ចតាមចាប់ខ្លួនបាន កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ៧៤២ ផ្លូវលេខ១២៨ ក្រុម១០ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លីស ដាលីន ហៅ លីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ សម្ភារៈដែលលួចបាន ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក I phone X ពណ៌ខ្មៅ , ទូរស័ព្ទដៃចំនួន១គ្រឿងទៀត ម៉ាក realme ពណ៌ត្រេអុី ,ធុងបាស់ខ្នាតតូចចំនួន១ ម៉ាក COLORFUL។ ចំណែកជនរងគ្រោះមាន២នាក់ ទី១ ឈ្មោះ ឆេង ម៉ារ៉ាឌីណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅអាគារKT TOWER ផ្ទះលេខ២៣ ផ្លូវលេខ១១២ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ស៊ន ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលកុំព្យូទ័រ ស្នាក់នៅផ្ទះលេខ738E1 ផ្លូវលេខ១២៨ ក្រុមទី១១ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅចំណុចខាងលើ យកបានសម្ភារៈហើយគេចខ្លួន ជនរងគ្រោះស្រែកឆោឡោ ស្របពេលដែលកម្លាំងល្បាតជួប ចាប់ឃាត់ខ្លួនបានតែម្តង ។

ជនសង្ស័យត្រូវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯសម្ភារៈបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.