សិល្បៈជាតិ៖ កំពូលតារាចម្រៀង មាស សុខសោភា មិនទាន់បានសកម្មភាព ឬឆ្លើយតបយ៉ាងណានៅឡើយទេ ក្រោយមានចលនា ស្នើសុំឱ្យមានការប្រគំតន្ត្រីទោល ឬ Solo Concert បន្ទាប់ពីតារាចម្រៀងរួមជំនាន់ អ្នកនាង ឱក សុគន្ធកញ្ញា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

មួយរយៈកន្លងមកនេះ មើលឃើញថា កំពូលតារាចម្រៀង មាស សុខសោភា ត្រូវបានហ្វេនៗរំអុកចង់ឱ្យមានការប្រគំតន្ត្រីទោល ព្រោះតែតារាចម្រៀងរូបនេះ មានបទល្បីល្បាញច្រើន ជាពិសេសបទរបស់អ្នកនាង ក៏មានហ្វេនៗ ចេះច្រៀងត្រាប់តាមបានសឹងតែគ្រប់បទ។

មួយវិញទៀត ប្រសិនបើអ្នកនាង ធ្វើតាមសំណូមពរហ្វេនៗ គឺជារឿងមួយដ៏ល្អ ព្រោះអ្នកនាង មានបទចម្រៀងច្រើនទម្រង់ ទាំង មនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ បុរាណ និង ប្រពៃណី …។

យ៉ាងណាមិញ មកដល់ពេលនេះទោះជាមិនទាន់មានសញ្ញាណណាមួយ ទាក់ទងនឹងភាពអាចទៅរួចនៃការប្រគំតន្ត្រីទោល របស់កំពូលតារាចម្រៀងរូបនេះ ប៉ុន្តែអ្នកគាំទ្រនៅតែសង្ឃឹម និងជឿជាក់ថា គង់នឹងមានឱកាសតារាស្រីរូបនេះ ទន់ចិត្តតាមសំណូមពរហ្វេនៗ ជាក់ជាមិនខាន៕

